អ៉ីស្រាអែលទទួលយកបទឈប់បាញ់របស់លោក ត្រាំ ក្រោយសម្រេចបានកម្មវត្ថុទាំងអស់ ក្នុងសង្រ្គាម១២ថ្ងៃជាមួយអ៉ីរ៉ង់
ហ៊្សេរុយសាឡិម៖នៅថ្ងៃអង្គារនេះ អ៉ីស្រាអែលបាននិយាយថា ខ្លួនទទួលយកបទឈប់បាញ់ទ្វេភាគីជាមួយអ៉ីរ៉ង់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយការធ្វើសង្រ្គាមអស់រយៈពេល១២ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋាភិបាលអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថា «លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីប្រកាសថា អ៉ីស្រាអែលសម្រេចកម្មវត្ថុទាំងអស់នៃប្រតិបត្តិការ Rising Lion ហើយច្រើនលើសពីនេះថែមទៀត។ អ៉ីស្រាអែល បានលុបបំបាត់ចោលការគំរាមកំហែងដ៏ធំនិងភ្លាមៗ នៃមីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់»។
សេចក្តីថ្លែងការណ៍បានបន្តថា «អ៉ីស្រាអែលអរគុណលោកប្រធានាធិបតី ត្រាំ និងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រក្នុងការការពារអ៉ីស្រាអែល និងសម្រាប់ការចូលរួមក្នុងកិច្ចប្រឹងប្រែង កម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ទោះជាបែបនេះក្តី អ៉ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការរំលោភបំពានណាមួយលើបទឈប់បាញ់»។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ នាពេលនេះ បទឈប់បាញ់អ៉ីស្រាអែល-អ៉ីរ៉ង់ បានចាប់ផ្តើមចូលជាធរមានហើយ។ អ៉ីស្រាអែលនិងអ៉ីរ៉ង់ បានធ្វើសង្រ្គាមផ្លូវអាកាសដាក់គ្នាអស់រយៈពេល១២ថ្ងៃ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា។ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃមកនេះ បានបង្កឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង ជាពិសេសនៅពេលដែលអាមេរិក បានសម្រេចចិត្តចូលរួមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុនថែមទៀត៕






