ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស ដល់មន្ដ្រីមានសមត្ថកិច្ច ដើម្បីកំណត់សម្គាល់ ទំនិញពិត និង ទំនិញក្លែងក្លាយ
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ ទំនិញពិត និង ទំនិញក្លែងក្លាយ ធ្វើឡើងក្នុងគោលមួយ ដើម្បីជាទិសដៅអភិវឌ្ឍន៍ និងកសាងសមត្ថភាព ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស ដល់មន្ដ្រីមានសមត្ថកិច្ច ហើយជាមួយនឹងការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ របស់វាគ្មិនជំនាញៗ មកពីបណ្ដាក្រុមហ៊ុនល្បីៗទៀតផងដែរ។
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ទំនិញពិត និងទំនិញក្លែងក្លាយ ដែលរៀបចំឡើង ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុន ថាយលីគី និង ហ្គីបប៊ីន នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
កម្មវិធីនេះមានការចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ពន្ធ័នានា និងមានមន្ត្រីជំនាញចូលរួមដូចជា៖ មន្ត្រីមកពី ក្រសួងពាណិជ្ជកម្ម អគ្គ្នស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីជំនាញ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការចូលរួមធ្វើបទបង្ហាញពីក្រមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន Carter’s, Starbucks Coffee, Honda Motor Co., Ltd, Daimler AG….. ។
វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ សម្រាប់អនុវត្តការងារជំនាញរបស់ខ្លួន ជាពិសេសមន្ត្រីនៅតាមបណ្តាច្រកទ្វារអន្តរជាតិ ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា សង្ឃឹមថា សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ពិតជាប្រឹងប្រែងត្រងត្រាប់ ចាប់យកនូវបទពិសោធន៍ទាំងអស់នេះ ដើម្បីធ្វើការអនុវត្តន៍ជាមួយនឹងភារកិច្ចជាក់ស្ដែងរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរ ជាក់ជាមិនខានឡើយ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើដល់សិក្ខាកាមទាំងអស់ ដែលចូលរួម ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង និងបទសោធន៍ ដើម្បីទៅអនុវត្តការងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមក្របខ័ណ្ឌ និងដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់៕