ឯកឧត្ដម ហ៊ី សោភា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី បន្តពីឯកឧត្ដម អ៉ឹម ឈុនលឹម សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
ភ្នំពេញ៖ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើឡើងនៅសាលប្រជុំអគារសវិមានរដ្ឋចំការមន។
សម្រាប់លទ្ធផលនៃបានបើកកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានអគ្គលេខាធិការដ្ឋាន ចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលអបអរសាទរសមាជិកថ្មី ចូលកាន់តំណែង ចំនួន៣រូប៖ឯកឧត្ដម យក់ ង៉ុយ (ជ្រើសតាំងសាជាថ្មីដោយរដ្ឋសភា) លោកជំទាវខែក កែមាលី ស៊ីសូដា (តែងតាំងដោយព្រះមហាក្សត្រ) និងលោកជំទាវ យូ ប៊ុនឡេង (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ជំនួសសមាជិក៣អង្គ/រូប ដែលត្រូវចប់អាណត្តិ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស និងឯកឧត្ដមយក់ ង៉ុយ។
ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ុជ គឹមអន ព្រឹទ្ធសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបាន បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងឯកឧត្ដម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។
ជាចុងក្រោយ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានប្រគល់ត្រាក្រុមប្រឹក្សាធម្មនុញ្ញ និងញញួរ «ព្រហ្មវិនិច្ឆ័យ» ជូនឯកឧត្ដម ហ៊ី សោភា ក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕

