ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី៖ឆ្នាំ២០២៥នេះបរិមាណត្រីមានការកើនឡើងកម្ពុជាសម្បូរត្រីលក់មិនអស់មានតម្លៃសមរម្យ

107

តាកែវ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អ ណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើង គួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ដែលការកើនឡើង បរិមាណត្រី ឆ្នាំនេះគឺ កើតចេញពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងសូមបន្តការងារនេះឱ្យដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវបរិមាណត្រីបន្តកើនឡើង បន្ថែមទៀត។

ជាមួយនឹងការកើនឡើងនៃបរិមាណត្រីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងឃើញប្រជាពលរដ្ឋយើងសប្បាយរីករាយ ដែលខ្ញុំថា អ្នកលក់គាត់រអ៊ូថា ឥលូវត្រីច្រើនពេកលក់អត់អស់ខ្ញុំថាល្អណាស់ដែលមានត្រីច្រើនលក់មិនអស់ ហើយមានតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រីហើយលក់ថ្លៃ នេះគឺជាបញ្ហា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធានានូវផលត្រីសម្រាប់រួមទាំងអស់គ្នាគឺជារឿងល្អណាស់ ដូចនេះបឹងរួម បឹងធម្មជាតិត្រូវរួមគ្នាថែរក្សា និងខិតខំធ្វើការងារនេះបន្តទៀត ដើម្បីឱ្យបរិមាណត្រីបន្តកើនឡើង, នេះគឺជាលទ្ធផលដែលបង្ហាញថា វិស័យកសិកម្មកម្ពុជា មានភាពធន់ចំពោះការប្រែ ប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ និងមានលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ នៅគ្រប់កាលៈទេសៈ ដោយបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ មិនថាក្នុងស្ថានភាពនៃវិបត្តិកូវីដ ១៩ ឫគ្រោះធម្មជាតិនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្រេចលុបឡូត៍នេសាទនៅឆ្នាំ២០១២ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិតជាបានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ដល់ប្រជានេសាទ និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង