ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ACU បើកការស៊ើបអង្កេតឯកឧត្ដមស៊ានបូរ៉ាតនិងឧត្តមសេនីយ៍ឯកសថាវីពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ាឡេងចាន់ណា

77

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើឯកឧត្ដមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។

លោក កែវ នាថមុន្នី ប្រធាននាយកដ្ឋានគតិយុត្តិ ពាក្យប្ដឹង និងអន្តរជាតិ សមាជិកក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើរលួយឱ្យថា អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួន បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺឯកឧត្ដម ស៊ាន បូរ៉ាត និងឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

លោក កែវ នាថមុន្នី បានបញ្ជាក់ថា ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ហើយតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។

លោកបានបន្តថា សំណុំរឿងទាំង ៣២នេះ មានទាំងអស់ 24.852ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។

រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និង ស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង៕

អត្ថបទដែលជាប់ទាក់ទង