ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសប្ដាហ៌ទី២៣នេះមានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ , អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក៏អញ្ជើញទស្សនា

117

ភ្នំពេញ៖នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់នៅសប្ដាហ៌ទី២៣នេះមានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនាទោះបីនៅថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដីតែតំណក់ទឹកភ្លៀងមិនបានរារាំងជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មេីរជេីងនោះទេ។

នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ដែរ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌និងវិចិត្រសឹល្បះរាជធានីភ្នំពេញក្រុមទី១ដែលដឹកនាំការសម្ដែងដោយលោកអុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម ដែលរោងល្ខោនខាងលើនៅផ្លូវថ្មើរជើង (Walk Street)។រោងល្ខោនរៀបចំនាមាត់ទន្លេ ក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ឯកឧត្តម​ អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងក្រុមគ្រួសារបានទស្សនាការសម្តែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ជាមួយប្រជាពលរដ្ឋដែលមានទាំងអង្គុយ និងឈរ ទាំងចាស់ទាំងក្មេង យ៉ាងច្រើនកុះកររួមជាមួយភាពប៉ិនប្រសព្វនៃការសម្តែងរបស់ក្រុមដឹកនាំសម្តែង ដោយលោកអុល សំអាង បានញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោនកាន់តែអ៊ូរអរ ដោយបានទាក់ទាញអ្នកមកកម្សាន្តនៅ ផ្លូវថ្មើរជើង (Walk Street) ពីម្នាក់ទៅម្នាក់ចូលមកទស្សនា បង្កើតបានភាពសប្បាយរីករាយ​ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍។

នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីទី១៣កក្ដដានេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣ ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។ 

នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះតេជោមាសនិងតេជោយ៉តដែលជាគ្រូនិងសិស្ស. បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោនិងទះដៃអបអរសាទរ យ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ ។

គួរឱ្យដឹងថា ការសម្តែងល្ខោនបាសាក់ របស់ក្រុមសម្តែង លោក អុល សំអាង នាផ្លូវថ្មើរជើង  (Walk Street) នេះ ត្រូវបានឧបត្ថម្ភគាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា ឱ្យពលរដ្ឋដែលមកកម្សាន្តនៅផ្លូវថ្មើរជើង ទទួលបានបទពិសោធន៍ថ្មីៗ ជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្តនិងការស្នេហាជាតិ របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នផងដែរ ។

សូមបញ្ជាក់ថា ដំណើររឿង«តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ​ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ​ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុង​កិច្ចការពារបូរណភាពទឹកដី។ 

ក្នុងរឿងល្ខោននោះដែរតួអង្គតេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុងដើម្បីរកខ្មាំងសត្រូវនិងជនបង្កប់ផ្ទៃក្រោយប្រើវិធីនេះហើយពួកជន់បង្កប់និងសត្រូវផ្ទៃក្នុងត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។តេជោយ៉ត ជាតួអង្គតំណាងឱ្យមេទ័ពខ្មែរ នៅសម័យឧដុង្គដែល​មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើ​នេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។

ឯកឧត្តមហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា៖ផ្លូវថ្មើរជើងយើងបានធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតយើងបន្តធ្វើឲ្យិបានល្អប្រសើរថែមទៀត។តែទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រៀបរៀបរយសាធារណៈនៅលើដង  ផ្លូវថ្មើរជើង (Walk Street) នៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត។ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមលោក អុល សំអាងសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ៕

អត្ថបទដែលជាប់ទាក់ទង