ប៉ូលីសខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់បានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទនារីជិះកង់បី ម្នាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ចេញធ្វើសកម្មភាព ឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ដែលកំពុងជិះកង់បីឥណ្ឌា ស្រែកអោយគេជួយ ត្រូវបានលោក ហ៊ាង ថារ៉េត អធិការខណ្ឌដែលកំពុងដឹកនាំកម្លាំងល្បាត ពិនិត្យមើលសភាពការណ៍ក្នុងមូលដ្ឋានផងនោះ ក៏បានបញ្ជាអោយកម្លាំងតាមចាប់បានភ្លាមៗតែម្តង ។
ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចល្បាត ដេញចាប់ឃាត់ខ្លួនបានភ្លាម ដោយដកហូតបានវត្ថុតាង ទូរស័ព្ទរបស់ជនរងគ្រោះ ហើយក៏នាំយកជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ ភ្លាមៗអោយផ្នែកជំនាញសហការជាមួយប៉ុស្តិ៍ ដើម្បីដេញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ឃើញបែបនេះ ក៏កម្លាំងសមត្ថកិច្ចយើងបានប្រដេញនិងអោយតាមបណ្ដាប៉ុស្តិ៍ ចូលតាមច្រកតូចៗ រហូតក៏ធ្វើការឃាត់បានជនសង្ស័យបានទាំង២នាក់។
១-ជនសង្ស័យឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ០០៥ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦៥៧ ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (មានសារធាតុញៀន) រួមនិងទូរស័ព្ទរបស់ជនរងគ្រោះ ត្រលប់មកវិញ នាំយកជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីបន្តការសាកសួរនាំ ។
ជនរងគ្រោះ ឈ្មោះ ទី រ៉ហ្សាណា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៤២៥ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
លោកអធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌបន្តទៀតថា សំភារៈដកហូត រួមមាន ៖ ម៉ូតូចំនួន០១គ្រឿង C125 ព៌ណខ្មៅ សេរី2015 ពាក់ស្លាកលេខ ភ្នំពេញ1CU-4472 ទូរសព្ទចំនួន០១គ្រឿង ម៉ាកអាយហ្វូនXR (ជារបស់ជនរងគ្រោះ បានប្រគល់ជនរងគ្រោះ) បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

