ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តធ្វើការងារសម្អាត ថែទាំសោភណ្ឌតាមបណ្តោយផ្លូវជាតិលេខ ៦២ ដើម្បីសុវត្ថិភាពចរាចរណ៍

86

ព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ អង្គភាពជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវការងារកាត់ស្មៅ និងសម្អាតរុក្ខជាតិព្រៃដែលនៅសងខាងផ្លូវជាតិលេខ ៦២ ដោយប្រើប្រាស់ ម៉ាស៊ីនស្វ័យប្រវត្តិ (ត្រាក់ទ័រ) ទំនើប។ ការងារនេះបានចាប់ផ្ដើមពីគីឡូម៉ែត្រទី ៣៦+២០០ រហូតដល់គីឡូម៉ែត្រទី ២៣៧+៧៦០ ដែលមានប្រវែងសរុប ២០១.៥៦ គីឡូម៉ែត្រ។

លោកសំ លាងទ្រី បានបញ្ជាក់ទៀតថា៖កំណាត់ផ្លូវនេះលាតសន្ធឹងចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-កំពង់ធំ ក្នុងស្រុករវៀង រហូតដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត។ លោកប្រធានបន្តថា៖គោលបំណងចម្បងនៃការងារនេះគឺ ធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ។

លោកប្រធានមន្ទីរក៏បានសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួម គោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស មិនត្រូវបើកបរលើសល្បឿនកំណត់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសុខសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង