អភិបាលខណ្ឌឫស្សីកែវដឹកនាំមន្ត្រីពាក់ព័ន្ធចុះជួបម្ចាស់ទីតាំងអគារខុដូស្កាយទ្រី លើការងារគ្រប់គ្រងជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍
ភ្នំពេញ៖នាល្ងាចថ្ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រជាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះជួបម្ចាស់ទីតាំងអគារខុដូស្កាយទ្រី ដែលមានទីតាំងឋិតនៅលើផ្លូវលេខ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប្រជុំស្តីពីកិច្ចសហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវទាក់ទងការងារគ្រប់គ្រងជនបរទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការស្នាក់នៅរបស់ ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក៏ដូចជាសុវត្ថិភាពផ្ទាល់ របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌឫស្សីកែវ ។
លោកអភិបាលបានថ្លែងនូវការកោតសរសេី និងអរគុណម្ចាស់អគារស្កាយទ្រី ដែលបានសហការផ្តល់នូវព័តមានគ្រប់ជ្រុងជ្រោយ និងបានចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងសំណូមពរ៖
១-សូមអោយ ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នៅក្នុងមូលដ្ឋានតាមរយៈគំរូរបាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឱ្យលើសពីរយៈពេល២៤ម៉ោង។
២-ក្នុងករណីម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមានរបស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលមិនលើសពី២៤ម៉ោងដូចគ្នា ។
៣-ខ្លឹមសារនៃសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅនិងឧប្បទ្ទវហេតុនានាលើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ច មានវិធានការសមស្របទាន់ពេលវេលា។
៤-ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់ជនបរទេសតាមការកំណត់នៃច្បាប់ និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា៕










