ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនបាត់បង់យន្តហោះចម្បាំង Mirage របស់បារាំងជាលើកដំបូងបន្ទាប់ពី១គ្រឿងធ្លាក់អំឡុងបេសកកម្ម

336

ក្រុងកៀវ៖អ៊ុយក្រែនបានបាត់បង់ យន្តហោះចម្បាំង Mirage 2000 ជាលើកដំបូង បន្ទាប់ពី១គ្រឿងបានធ្លាក់អំឡុងបេសកកម្មមួយ កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ខណៈវាគឺជាយន្តហោះចម្បាំង ដែលបារាំងចាប់ផ្តើមផ្គត់ផ្គង់ឱ្យទីក្រុងកៀវ កាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ដំណឹងខាងលើត្រូវបានប្រកាសឱ្យដឹង កាលពីព្រឹកថ្ងៃពុធនេះ ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ តាមលោក ហ្សេលេនស្គី ការធ្លាក់យន្តហោះចម្បាំង Mirage ១គ្រឿងនោះ មិនមែនបណ្តាលមកពីរុស្ស៉ីបាញ់ទម្លាក់ទេ ហើយអាកាសយានិក បានភៀសខ្លួនចេញដោយសុវត្ថិភាព មុនពេលយន្តហោះធ្លាក់ដល់ដី។

គួរបញ្ជាក់ថា យោងតាមកងទ័ពអាកាសអ៊ុយក្រែន ឧបត្តិហេតុធ្លាក់យន្តហោះចម្បាំងខាងលើ កើតមានអំឡុងបេសកកម្មហោះហើរមួយ កាលពីយប់ថ្ងៃអង្គារ ហើយវាមិនបានបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នៅលើដីឡើយ។ ដោយឡែក ការបាត់បង់នេះ គឺជាដំណឹងអាក្រក់ថ្មី មួយទៀតសម្រាប់យោធាអ៊ុយក្រែន ដែលបាននិងកំពុងជួបការលំបាកនៃការខ្វះខាតមធ្យោបាយការពារដែនអាកាស ប្រឆាំងទប់ទល់ នឹងការវាយប្រហាររបស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង