ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពកម្ពុជាគ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំខណៈដែលទាហានថៃរងរបួសជាបន្តបន្ទាប់កើនដល់ជាង១០នាក់

106

ភ្នំពេញតាមសេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជាកំពុងគ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ បានរងរបួសជាបន្តបន្ទាប់ កើនដល់ជាង១០នាក់។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

រហូតមកដល់ម៉ោងនេះ មិនមានទាហានកម្ពុជាណាម្នាក់រងរបួសទេ ខណៈដែលកម្ពុជា ប្រើប្រាស់សព្វាវុធសំខាន់ៗមួយចំនួន បាញ់បង្ក្រាបសត្រូវ ដែលចូលមកឈ្លានពានទឹកដីកម្ពុជា។

មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថា ដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង