ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លៀសបុគ្គលិកអាជ្ញាធរជាតិព្រះវិហារជាជនស៉ីវិលចំនួន៤៥នាក់ចុះក្រោមប្រកបដោយសុវត្ថិភាពក្រោយជាប់គាំង៤៨ម៉ោងនៅលើភ្នំប្រាសាទព្រះវិហារដោយថៃប្រើយន្ដហោះ F-16 ទម្លាក់គ្រាប់បែក

109

ព្រះវិហារ៖បុគ្គលិកអាជ្ញាធរជាតិ ព្រះវិហារ ជាពលករ ភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ ចំនួន៤៥រូប បានជាប់នៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ចាប់តាំងពីម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កាលពីម៉ោង២២៖០០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួល ជូនបុគ្គលិកទាំងអស់ធ្វើដំណើរថ្មើរជើង ចុះពីលើភ្នំតាមចម្រាក់ ភ្នំពើយតាឌី រហូតមកដល់ភូមិធម្មជាតិសម្ដេចតេជោ ទើបឡើងរថយន្តរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ បន្តដំណើរមកដល់ស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយសុវត្ថិភាព បន្ទាប់ពីជាប់នៅលើភ្នំប្រាសាទព្រះវិហារ អស់រយៈពេល៤៥ម៉ោង។

ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះវិហារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសម្រួលដល់ដំណើរការសង្គ្រោះបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចាប់តាំងពីពេលជាប់នៅលើភ្នំប្រាសាទព្រះវិហារ រហូតទទួលបានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង