ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិកម្ពុជាប្រកាសទាត់ចោលនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ទាហានឈ្លានពានថៃថាថ្ងៃនេះកម្ពុជាជាអ្នកផ្ដើមផ្ទុះអាវុធ

51

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀត មកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃ គឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២៖០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង០២៖៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង០៤៖៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦៖០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦៖៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។

សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងនេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងត្រូវបានគាំទ្រជាសាធារណៈ និងច្បាស់លាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

ការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល។ សកម្មភាពបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ។

កម្ពុជាអំពាវនាវឱ្យកងទ័ពភូមិន្ទថៃ បញ្ឈប់ការភូតភរជាបន្ទាន់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលការឈ្លានពានខុសច្បាប់របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃ ឱ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។

កម្ពុជា បញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង