ត្រឹមម៉ោង១២យប់នេះសមរភូមិប្រយុទ្ធនៅប្រាសាទតាមាន់ប្រាសាទតាក្របីនិងថ្មដូនខេត្តឧត្តរមានជ័យស្ងប់ស្ងាត់, សមរភូមិនៅមុំ៣ស្ងប់ស្ងាត់តែនៅភ្នំខ្មោចទាហានឈ្លានពានសៀមផ្លោងមួយៗ
តំបន់ព្រំដែន៖គិតត្រឹមវេលាម៉ោង ១២យប់ចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិប្រយុទ្ធនៅខេត្តឧត្តរមានជ័យ រួមមាន៖ ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងអូរស្មាច់ សភាពការណ៍ស្ងប់ស្ងាត់ហើយ ដោយមិនមានការបាញ់ផ្លោងរបស់ទាហានឈ្លានពានសៀមទៀតឡើយ តែកម្លាំងយើងនៅតែប្រុងជើងការខ្ពស់ដដែល ដើម្បីវាយបកវិញ។
ដោយសមរភូមិមុំបី ដែលពីពេលក្បាលព្រលប់ទាហានសៀមបានបាញ់ផ្លោងចូលជាច្រើនគ្រាប់នោះ បានស្ងប់ស្ងាត់ដែរ តែនៅសមរភូមិភ្នំខ្មោចវិញ មានការបាញ់ផ្លោងមួយៗចូលដីរបស់កម្ពុជាយើង។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ សមរភូមិប្រយុទ្ធទាំងអស់ កម្លាំងទាហានយើងនៅបន្តឈរជើងយ៉ាងរឹងមាំនៅតាមសមរភូមិប្រយុទ្ធ ដើម្បីទប់ទល់ និងវាយបកជាមួយសត្រូវឈ្លានពានសៀម៕
