ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីអំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខបានប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ

89

ព្រះវិហារ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។

  ពិធីប្រគល់ និងទទួលអំណោយដែលជាទឹករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥នេះ  ក្រោមវត្តមាន ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីតំណាងឯកឧត្តមឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញជូនលោកឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។

   ឯកឧត្តមឯក ឃុនដឿន  អភិបាលរងរាជធានីក្នុងឱកាសនោះបាននាំមកនូវការផ្តាំផ្ញើរសួរសុខពីសំណាក់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពយើងទាំងអស់ សូមមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន ។

  បន្ថែមពីនេះ ឯកឧត្តមឯក ឃុនដឿន ក៏បានថ្លែង​អំណរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ផងដែរចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលតែងតែចូលរួមចែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​បាននិងកំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។

  ឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស បានមានប្រសាសន៍ថា៖ ជំនួសមុខឲ្យវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​បំផុត​ ចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយ

ជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញនិងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនដល់កងទ័ពជួរមុខ។

  ឧត្តមសេនីយ៍ឯកសួន ពិរុណ ក៏បានថ្លែង

អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតផងដែរ​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។

   អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងអង្គរក្សនាពេលនេះ  រួមមាន ៖  ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ  ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង អាវ អាវរងា អាវភ្លៀង កន្ទេល បន្លែ ត្រីសាច់ និង សម្ភារប្រើប្រាស់ផ្សេងៗប្រមាណចំនួន៣៣មុខ សរុបទម្ងន់៥០តោន៕

អត្ថបទដែលជាប់ទាក់ទង