រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជិត១០០មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពល រដ្ឋភៀសសឹកនៅស្រុកអន្លុងវែង ខេត្ដឧត្ដមានជ័យ
ឧត្ដមានជ័យ ៖ នៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ២០២៥រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សប្បុរសជន ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ ចំនួន៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ស្រុក ស្មើ២៤ឃុំ ជាង១ម៉ឺនគ្រួសារ ស្មើជាង៣ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ ។
អំណោយទាំងអស់នេះ ត្រូវបានឯកឧត្ដម អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន១៤៥៧៣គ្រួសារ ស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះមានកុមារចំនួន៦៦៧នាក់ផងដែរ ។
អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន ៖ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារ ប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន៦៥ មុខ ។
ឯកឧត្ដម អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធាន ភ្នំពេញ តំណាងឱ្យអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាព រៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិ ភាព ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរ គុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែសុវត្ថិភាពនេះ ជារៀងរហូត ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណជូនចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ តាមរយៈឯកឧត្ដម អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជនយកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខេត្ដឧត្ដមានជ័យនាពេលនេះ ឯកឧត្ដម និងធ្វើការបែងចែកជូនទៅកងទ័ពលេខ៤១ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។
តាមរបាយការណ៍របស់អភិបាលរងខេត្តឧត្ដមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ ២០២៥នេះ មានប្រជាពលរដ្ឋចំនួន២៤ ឃុំក្នុង ចំណោម ៤ស្រុកក្នុងខេត្ដឧត្ដមានជ័យ អាជ្ញាធរ បានជម្លៀសចេញមករកទីកន្លែងសុវត្ថិភាពសរុប ចំនួន១៤៥៧៣គ្រួសារស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះក៏មានកុមារ៦៦៧នាក់ផងដែរ ៕




