ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការយោធាតាមព្រំដែនកម្ពុជា-ថៃ សម្រេចចិត្តដូចគ្នា ប្ដេជ្ញារួមគ្នាគោរពតាមបទឈប់បាញ់, មិនចល័តមិនបង្កើនកម្លាំងនិងពេលមានបញ្ហាត្រូវទំនាក់ទំនងដោះស្រាយជាមួយគ្នាភ្លាម

66

ព្រំដែនកម្ពុជាថៃ៖ក្រោយបទឈប់បាញ់បានចូលជាធរមាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ មេបញ្ជាការយោធាតាមបណ្ដាយោធភូមិភាគនីមួយៗរបស់កម្ពុជា ដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងមេបញ្ជាការយោធភូមិភាគរបស់ថៃ បានជួបជជែក និងពិភាក្សាគ្នាដើម្បីអនុវត្តអ្វីដែលបានកំណត់ក្នុងបទឈប់បាញ់។

ផ្អែកតាមលទ្ធផលនៃការជំនួបនោះ មេទ័ពទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នា៣ចំណុច ដូចដែលបានកំណត់ក្នុងបទឈប់បាញ់ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី រួមមាន៖ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ, សន្យាឈប់បង្កើនទ័ព និងចល័តកម្លាំងទ័ពចៀសវាងការប្រឈមមុខដាក់គ្នា និងភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវទំនាក់ទំនងគ្នាភ្លាមៗ ដើម្បីដោះស្រាយ និងបន្តទំនាក់ទំនងឲ្យល្អប្រសើរឡើងវិញ។

សម្រាប់ការជួបគ្នាព្រឹកមិញនោះ បានធ្វើឡើងតាមអ្វីដែលបានជជែកគ្នាក្នុងនោះរួមមាន៖

-នៅវេលាម៉ោង៩៖០៥នាទីព្រឹក លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា បានជួបប្រជុំ និងពិភាក្សាគ្នាជាមួយមេបញ្ជាការភូមិភាគទី១របស់ថៃ។ ជំនួបនេះបានធ្វើឡើងនៅចំណុចច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

-នៅវេលាម៉ោង១០ព្រឹក លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

-នៅព្រឹកដដែលនេះ ក៏មានការជួបគ្នាមួយទៀតតាមប្រព័ន្ធវីដេអូរវាង លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ កម្ពុជា និងមេបញ្ជាការកងការពារព្រំដែនច័ន្ទបូរី-ត្រាត របស់ថៃ។

-នៅវេលាម៉ោង១ ថ្ងៃរសៀល លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា បានជួបប្រជុំ និងពិភាក្សាគ្នាជាមួយមេបញ្ជាការកងការពារព្រំដែនចាន់បូរី-ត្រាត របស់ថៃ នៅស្ពានតំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន។

សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដែលអនុវត្តចាប់ពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចចរចាមួយនៅប្រទេសម៉ាឡេស៉ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ដួចផ្ដើមគំនិតពីសហរដ្ឋអាមេរិក និងដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងមានការចូលរួមពីចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង