សម្តេចបវរធិបតីហ៊ុនម៉ាណែតអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់កម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ, គ្រួសារយោធិនពលីយោធិនរងរបួសនិងជនភៀសសឹក
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារអំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់ងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ, គ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាជនភៀសសឹក ដែលជួបការលំបាក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
សំណេររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖
«សារអំពាវនាវ! ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួន ត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់យោធិនពលី និងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជន ដែលជាជនភៀសសឹក។
ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារការប្រយុទ្ធគ្នានៅពេលនេះ»៕
