លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិក៖«ខ្ញុំប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃក្នុងរយៈពេលមិនដល់មួយថ្ងៃ»
វ៉ាស៊ីនតោន៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា៖លោកបានប្រើប្រាស់កិច្ចចរចាពាណិជ្ជកម្ម ដើម្បីបញ្ចប់ជម្លោះលើប្រទេសកម្ពុជា និងថៃ ហើយទទួលបាននូវបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងបណ្តាញសង្គមនានាចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានពន្យល់ពីយុទ្ធសាស្ត្ររបស់លោកក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃថា «ខ្ញុំបានប្រាប់ទៅប្រទេសថៃថា «យើងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយខ្ញុំនឹងមិនព្រមព្រៀងទេ ប្រសិនបើអ្នកនៅតែបន្តប្រយុទ្ធគ្នា។ ហើយខ្ញុំក៏បាននិយាយជាមួយកម្ពុជាដោយខ្លឹមសារដូចគ្នានេះដែរ។ ក្នុងរយៈពេលមិនដល់មួយថ្ងៃផង យើងក៏បានដោះស្រាយបញ្ហានេះបានសម្រេច»៕
