បេក្ខជនជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ ៖ជម្លោះព្រំដែនថ្មីៗនេះរបស់ថៃជាមួយ កម្ពុជានឹងមិនបម្រើផលប្រយោជន៍អ្វីដល់ប្រជាជនថៃ ឬក៏សម្ព័ន្ធភាពរបស់ថៃជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ
វ៉ាស៊ីនតោន៖លោក Sean O’Neill ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ បាននិយាយ កាលពីថ្ងៃអង្គារ ទី២៩ ខែកក្កដាថាប្រសិនបើរូបលោកទទួលបានការតែងតាំងជាផ្លូវការ នោះលោកនឹងប្រាប់ទីក្រុងបាងកកថាជម្លោះព្រំដែនថ្មីៗនេះរបស់ថៃជាមួយ កម្ពុជានឹងមិនបម្រើផលប្រយោជន៍អ្វីដល់ប្រជាជនថៃ ឬក៏សម្ព័ន្ធភាពរបស់ថៃជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sean O’Neill ធ្វើការកត់សម្គាល់បែបនេះប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេស ព្រឹទ្ធសភាអាមេរិក និងជាការឆ្លើយតបទៅនឹងសំណួរអំពីជម្លោះរយៈពេល ៥ថ្ងៃរវាងកម្ពុជា និងថៃ ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤៣នាក់ និងប្រជាជនជាង ៣០០ ០០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ នៅពេលត្រូវបានសាកសួរ ថាតើលោកនឹងធ្វើអ្វីដើម្បីធានាថាបទឈប់បាញ់នឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង លោក O’Neill បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថារឿងដំបូងដែលខ្ញុំ នឹងធ្វើ គឺប្រាប់ថៃដែលជាសម្ព័ន្ធមិត្តមួយរបស់យើងក្នុងតំបន់អាស៊ីថាសង្រ្គាមបែបនេះ ជម្លោះបែបនេះនឹងមិនបម្រើផលប្រយោជន៍អ្វីដល់ប្រជាជនរបស់ពួកគេទេ ហើយក៏ មិនបានធ្វើឱ្យសម្ព័ន្ធភាពជាមួយពួកយើងរឹងមាំនោះដែរ»។
លោកបន្ថែមថាជម្លោះមិនអាចដោះស្រាយបញ្ហាប្រឈមដែលសហរដ្ឋអាមេរិក និងថៃកំពុងប្រឈមបានទេ ពោលគឺមានតែធ្វើឱ្យបាត់បង់ជីវិតមនុស្ស និងខាតបង់ ទ្រព្យសម្បត្តិដោយអត់ប្រយោជន៍តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មេដឹកនាំកម្ពុជា និងថៃ បានជួបគ្នាក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ និងបានឯកភាពគ្នាលើបទឈប់បាញ់ដើម្បីបិទបញ្ចប់ជម្លោះព្រំដែន៕
