ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងបន្តចរចាជាមួយអាមេរិកបន្ថែមទៀតដើម្បីទម្លាក់ពន្ធទាបជាង១៩% លើមុខទំនិញអទិភាពមួយចំនួនដែលនាំចេញទៅអាមេរិក

112

ភ្នំពេញឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល  អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាខិតខំបន្ថែមទៀត ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកឱ្យទម្លាក់ពន្ធ ឱ្យ ទាបជាង១៩% លើមុខទំនិញអទិភាពមួយចំនួន  ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ដោយសារទំនិញប្រភេទនេះ មិនមានផលិតនៅសហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «១៩%នេះ គឺអត្រាដែលយើងទទួលបានថ្ងៃនេះ  ប៉ុន្តែយើងខ្ញុំនឹងខិតខំចរចាបន្ថែមទៀត ទៅលើវិស័យអទិភាពរបស់យើង ដូចជាវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ យើងនឹងខិតខំបន្តចរចាថែមទៀត ដោយសារប្រភេទទំនិញនេះ គឺមិនមានធ្វើនៅសហរដ្ឋអាមេរិកទេ អ៊ីចឹងគ្មានអ្វីប្រកួតប្រជែងជាមួយ ក្រុមហ៊ុននៅសហរដ្ឋអាមេរិកទេ គឺធ្វើនៅកម្ពុជាយើង។ដូច្នេះយើងខ្ញុំនឹងខិតខំបន្តចរចាធ្វើយ៉ាងណាឱ្យបានទាបជាង១៩ទៅលើទំនិញមួយចំនួនដែលជាទំនិញអទិភាព របស់កម្ពុជាយើង»

ឯកឧត្ដមបន្ថែមថា ការខិតខំចរចាបន្ថែមនេះ គឺដើម្បីគិតគូរដល់ការបង្កើតការងារ បន្ថែមឱ្យ១លាននាក់ជូន ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើ ជាពិសេសស្រ្តី ដែលពួកគេម្នាក់ៗ ជួយគ្រួសាររបស់គាត់ ៤ទៅ៥នាក់ ទៀត។ 

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងព្យាយាមរិះរកនិតិវិធីកាត់បន្ថយថ្លៃដើមផលិត បន្ថែមដូចជា តម្លៃដឹកជញ្ជូន តម្លៃឯកសារ។ល។ គឺត្រូវកាត់បន្ថយឱ្យទាបបំផុត ដើម្បីកម្ពុជាមានលទ្ធភាពប្រកួតប្រជែង បានល្អជាងនេះទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង