ក្រុមមន្ត្រីមន្ទីរសាធារណការខេត្តព្រះវិហារចុះពិនិត្យផ្លូវមួយចំនួននៅស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពសៀម ធ្វើការជួសជុលឡើងវិញ
ព្រះវិហារ៖ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចាត់មន្ត្រីចុះពិនិត្យភ្លាមៗដើម្បីធ្វើការជួសជុលឡើងវិញចំណុចផ្លូវមួយចំនួននៅស្រុកជាំក្សាន្ត បានរងការខូចខាតដោយគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពសៀម។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖ក្រោយមានបទឈប់បាញ់”កម្ពុជា-ថៃ”ចូលជាធរមាន កាលពីវេលាម៉ោង២៤ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលខូចខាតដោយគ្រាប់ថ្លោងទាហានថៃ និងត្រៀមជួសជុលឲ្យបានទាន់ពេលវេលា។
លោកប្រធានបន្តថា៖ក្នុងចំណោមកំណាត់ផ្លូវសរុប៩ខ្សែដែលបានត្រួតពិនិត្យ មានតែផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) និងផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។
១-កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ០១ ទីតាំង ត្រង់ចិញ្ចើមផ្លូវ នៅPK10+020។
២-កំណាត់ផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)៖ មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចំ ៣ ទីតាំង ដូចខាងក្រោម៖PR2PVH5 PK05+320,PR2PVH5 PK06+660
,PR2PVH5 PK10+030។ខូចខាតដោយគ្រាប់កាំភ្លើងថៃ បង្កការខូចខាតផ្លូវ នៅចំណុចព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត មន្ត្រីចុះពិនិត្យនិងធ្វើការជួសជុលឡើងវិញ។
ចំណែកឯផ្លូវជាតិ និងផ្លូវខេត្តផ្សេងទៀតដូចជា៖ ផ្លូវជាតិលេខ៦២, ផ្លូវជាតិលេខ ៩២, ផ្លូវខេត្តលេខ ២៦២៥, ផ្លូវខេត្តលេខ ២៦២៦, ផ្លូវខេត្តលេខ ២PVH២, ផ្លូវខេត្តលេខ ២PVH៧ និងផ្លូវខេត្តលេខ ២PVH៩ គឺពុំមានការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំនោះឡើយ។
គួរបញ្ជាក់ថា ស្ថានភាពផ្លូវក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវភាគច្រើន ៕



