ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញឱ្យដឹងថា៖អំណោយរបស់សប្បុរសជនានាជាថវិកាជាង៦៧ម៉ឺនដុល្លារ ,គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗប្រហែល១លាន៥សែនដុល្លារសហរដ្ឋអាមេរិកទៀត

102

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ គិតមកដល់ព្រឹកថ្ងៃទី០៣សីហា២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ដែលជាអំណោយរបស់សប្បុរសជនានា ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមកក្នុងនោះថវិកាទទួលបានជាង៦៧ម៉ឺនដុល្លារ ហើយបើសរុបទាំងគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ប្រហែល១លាន៥សែនដុល្លារសហរដ្ឋអាមេរិក នេះពិតជាបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិទាំងមូល។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មានជាតិនាព្រឹកថ្ងៃទី៣សីហានេះនៅសាលារាជធានីភ្នំពេញខណៈឯកឧត្ដមរងើចាំទទួលអំណោយពីសប្បុរសជននានា។

ឯកឧត្ដមអភិបាលបន្តថា៖ យើងឃើញថាគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការទាំងអស់គឺរួបរួមគ្នាខ្មែរតែមួយ អ្នកមានធនធានតិច ផ្តល់ជូនតិច អ្នកមានធនធានច្រើន ផ្តល់ជូនច្រើន ដើម្បីផ្តល់ជូនដល់វីរកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋភៀសខ្លួនរស់នៅទីតាំងសុវត្ថិភាព គឺធ្វើយ៉ាងណា ការពារបូរណភាពដែនដីពីចោរឈ្លានពានឱ្យបានដាច់ខាត។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សានូវវប្បធម៌នេះឲ្យបានគង់វង្សតទៅ ដើម្បីការពារបូរណភាពទឹកដីរបស់យើងឲ្យបានរឹងមាំ។

  ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ចាប់តាំងពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសទទួលនូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗពីសប្បុរសជននានានោះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋអញ្ជើញមក សាលារាជធានីភ្នំពេញយ៉ាងច្រើននិងធ្វើសកម្មភាពយ៉ាងសស្រាក់ សស្រាំ ដើម្បីបរិច្ចាគជាថវិកានិងគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗបញ្ជូនទៅឲ្យកងទ័ព ជួរមុខនិងជនភៀសខ្លួន។នេះពិតជាបានបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិសាមគ្គីភាពឯកភាពជាតិយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងការចង្អុលបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។សម្ដេចបវរធិបតីហ៊ុនម៉ាណែត ពិតជានឿយហត់ខ្លាំងណាស់ ប៉ុន្តែដោយមានការផ្ដល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈស្មារតីស្នេហាជាតិ សាមគ្គីភាពនិងឯកភាពជាតិតែមួយរបស់បងប្អូនប្រជាពលរដ្ឋ បានផ្ដល់ជាកម្លាំងចិត្តដ៏ធំធេងដល់សម្ដេច ដើម្បីដឹកនាំប្រទេសកាន់តែខ្លាំងក្លាថែមទៀត។

  ឯកឧត្ដមឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា៖ ចំពោះគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបានពីសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យអភិបាលរងម្នាក់ដឹកនាំបញ្ជូនយកទៅផ្ដល់ជូនទៅដល់អាជ្ញាធរខេត្តនិងកងទ័ពជួរមុខភ្លាមៗ បើទោះបីយើងមិនបានយកទៅប្រគល់ជូនកងទ័ពជួរមុខដោយផ្ទាល់ដៃ ព្រោះតំបន់នោះជាតំបន់ ក្តៅយើងមិនអាចចូលទៅដល់។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានទៀតបញ្ជាក់ថា អំណោយទាំងនោះពិតជាដល់ដៃកងកម្លាំងយើងនិងប្រជាពលរដ្ឋភៀសខ្លួនរបស់យើងទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង