រដ្ឋបាលរាជធានីប្រគល់អំណោយម៉ូតូចំនួន១០គ្រឿង, ថវិកាចំនួនជាង១ម៉ឺនដុល្លារ និងសម្ភារប្រើប្រាស់ ដល់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ
ព្រះវិហារ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង ថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀតជូនដល់ កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈដែលម៉ូតូទាំង១០គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះរដ្ឋបាលរាជធានីទទួលពីសប្បុរជនបានមុន១ថ្ងៃប៉ុណ្ណោះ។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តម ឯក ឃុនដឿន អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូន ទៅឱ្យតំណាងឯកឧត្ដមឧត្ដមសេនីយ៌មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្តម ឯក ឃុនដឿនបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក និងសូមថ្លែងអំណរគុណពី ដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។
តំណាងឯកឧត្តមឧត្តមសេនីយ៌មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅចំពោះ ឯកឧត្តមឃួង ស្រេង ដែលបានជួយឧបត្ថម្ភគាំទ្រដល់កងពលយើងខ្ញុំជានិច្ច។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ អំណោយរបស់សាលារាជធានីភ្នំពេញចំនួន២ដងត្រូវបានដឹកជញ្ជូនយកមកប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣នៅខេត្តព្រះវិហារ។ ក្នុងនាមកងពលធំអន្តរាគមន៍លេខ៣ សូមបង្ហាញពីការតាំងចិត្តយ៉ាងអង់អាចក្លាហាន ប្រឆាំងនិងសត្រូវឈ្លានពានទោះក្នុងតម្លៃណាក៏មិនឲ្យបសត្រូវជ្រៀតចូលមកក្នុងអធិបតេយ្យភាពកម្ពុជាបានឡើយ។ សូមពុកម៉ែបងប្អូនជនជាតិរួមទាំងអស់ជឿទុកចិត្តលើម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី២ និងថ្ងៃទី៣សីហាឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្ភារប្រើប្រាស់ និងថវិការមួយចំនួនទៀត ប្រគល់ជូនមណ្ឌលសុខភាពគូលែន និង កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងបានរៀបចំបបរចំនួន៣ខ្ទះចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់មណ្ឌលសុវត្ថិភាពបណ្តោះអាសន្នក្នុងវត្តត្រាវគៀត ពិសារដោយភាពស្និតស្នាល ក្នុងស្មារតីខ្មែរតែមួយ៕



