ក្រសួងការពារជាតិ ប្រកាសថា នៅម៉ោង១១ព្រឹកថ្ងៃនេះ ថៃបានបញ្ជូនកងទ័ពអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យកម្ពុជា
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ ម៉ាលី សុជាតា បានប្រកាសថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហានេះ ថៃបានបញ្ជូនកងទ័ព និងសព្វាវុធ ព្រមទាំងគ្រឿងចក្រ ចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត ចូលដែនអធិបតេយ្យកម្ពុជា ដោយបានរាយបន្លាលួសផងដែរ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរំលឹកថា កម្ពុជាទើបតែបានរៀបចំ ឲ្យមានដំណើរការទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្ងត់ធ្ងន់ថា ទង្វើនេះជាការរំលោភបំពានបទឈប់បាញ់យ៉ាងគន្លើន និងបានបង្កការគំរាមកំហែងដល់ធ្ងន់ធ្ងរជាទីបំផុត ចំពោះសន្ដិភាព និងសន្ដិសុខនៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល៕
