ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួងស្រេងគោរពជូនពរសម្ដេចតេជោហ៊ុនសែនក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៣ឈានចូល៧៤ឆ្នាំ

71

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ញើរសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ ឆ្នាំ។

ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទ សាធុការពរជ័យចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាស ខួបចម្រើនជន្មាយុគម្រប់ ៧៣ ឆ្នាំ ឈានចូល ៧៤ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១១កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថាជាអគ្គមគ្គទេសក៍ឯក “បិតាស្ថាបនិកសន្តិភាពកម្ពុជា” បានបង្កើតនូវស្នាដៃ និង សមិទ្ធផលប្រវត្តិសាស្ត្រជាតិធំៗជាច្រើនគួរឱ្យកោតស្ញប់ស្ញែងបំផុត ជាពិសេសក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំស្ថាប័នព្រឹទ្ធសភា បន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ក្នុងក្របខ័ណ្ឌនៃការពង្រឹងនីតិរដ្ឋ និងការ បន្តថែរក្សា “សន្តិភាព និងស្ថិរភាពនយោបាយ” ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធដ៏អង់អាច ឈ្លាសវៃ បានរួមចំណែកយ៉ាងសកម្មជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទេពកោសល្យ និងគតិបណ្ឌិត ក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ ព្រំដែនពីខ្មាំងសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានទំនុកចិត្តខ្ពស់ និងធានាប្រក្រតីភាពរស់នៅដោយភាពកក់ក្តៅបំផុត។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទី គោរពស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង