សភាពការណ៍នៅតំបន់អានសេះមានភាពស្ងប់ស្ងាត់, បន្លាលួសថៃបានដាក់ត្រូវបានរុះរើ,គ្រឿងចក្រថៃប្រើប្រាស់ដើម្បីឈូសឆាយក៏បានផ្អាកសកម្មភាព
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ស្ថានភាពនៅតំបន់អានសេះនៅពេលនេះ មានសភាពស្ងប់ស្ងាត់ ដោយនៅល្ងាចថ្ងៃទី០៥ ខែសីហា ម្សិលមិញនេះ កងកម្លាំងកម្ពុជា បានរុះរើបន្លាលួសដែលថៃបានដាក់នៅតំបន់នេះរួចរាល់ហើយ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយចម្ងាយ ១៥ម៉ែត្រពីកម្ពុជាដើម្បីដាក់លូនិងកង់ឡានចូលក្នុងលេណដ្ឋាន ក៏បានផ្អាកសកម្មភាពផងដែរ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទកាសែតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីស្ថានភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីម៉ោង១២យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា តាមបណ្តោយព្រំដែនកម្ពុជាថៃ នៅពេលនេះមានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះទេ ហើយនៅតំបន់អានសេះ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ក៏មានសភាពការណ៍ ស្ងប់ស្ងាត់ដែរ។
សូមបញ្ជាក់ថា នៅតំបន់អានសេះនេះ កាលពីថ្ងៃទី៤ ពេលដែលភាគីទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ថៃបានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានរាយបន្លាលួស និងបន្តជីកលេណដ្ឋាន ទោះបីជាមានការហាមឃាត់ដោយកងកម្លាំងកម្ពុជានៅឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ក្រោយកម្ពុជាបានធ្វើការទំនាក់ទំនងទៅភាគីថៃដែលប្រចាំការនៅតំបន់អានសេះ ដោយពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ នៅវេលាម៉ោង៣៖១៤នាទីរសៀល (ម្សិលមិញ) កងកម្លាំងរបស់យើង បានដឹកនាំកងកម្លាំង ចុះរុះរើលួសបន្លាចេញរហូតដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហាម្សិលមិញ លួសបន្លាត្រូវបានរុះរើ គ្រឿងចក្ររបស់ថៃត្រូវបានផ្អាកធ្វើសកម្មភាព»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ទីតាំងអានសេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន៕

