ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌទាំង ១៤ ,សមត្ថកិច្ចនិងមន្ទីរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ ,ត្រៀមទទួលពលករត្រឡប់ពីប្រទេសថៃដោយជួយសម្របសម្រួលពួកគាត់មកពឹងពាក់រកការងារធ្វើ

70

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ,មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ច​ការការពារសន្តិសុខ​ សណ្តាប់​ធ្នាប់​របៀប​រៀបរយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​។

ទី២ទៀតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួលពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ។

  ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង

 អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី០៦ខែសីហាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទនិងមន្ទីរចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។

  ឯកឧត្តមឃួង ស្រេងបានលើកឡើងទៀតថា៖ មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើងបាននិងកំពុងសម្រុក ចាក ចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះឯកឧត្ដម ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ។

   ពាក់ព័ន្ធនឹងការងារខាងលើនេះ ឯកឧត្តមឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា៖ អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរទាំង១៤ ខណ្ឌក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកកោនោះទេ៕

អត្ថបទដែលជាប់ទាក់ទង