ឧបនាយករដ្ឋមន្រ្តីទៀសីហាសង្ឃឹមថាភាគីថៃនឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាពស្មោះត្រង់គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ
ភ្នំពេញ៖បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេស GBC និងមានការព្រមព្រៀងគ្នា១៣ចំណុច លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ភាគីថៃនឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
តាមបណ្តាញសង្គម លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីលទ្ធផលកិច្ចប្រជុំនេះ។ ឯកឧត្ដមបានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រោងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖
– ការអនុម័តលើកំណត់ហេតុ
– ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម
ឯកឧត្ដមបញ្ជាក់បន្ថែមថា៖ «ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»៕


