ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មីចែក គ្រឿងឧបភោគ បរិភោគ ដល់ប្រជាជន ភៀសសឹក ចំនួន ៩០គ្រួសារ
ព្រះវិហារ៖នៅថ្ងៃទី៨ សីហា ២០២៥ រដ្ឋបាលស្រុកសង្គមថ្មី បានរៀបចំពិធីចែក គ្រឿងឧបភោគ បរិភោគ ដល់ប្រជាជន ភៀសសឹក ចំនួន ៩០គ្រួសារ ក្រោមអធិបតីភាពលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ។
សមាសភាពចូលរួមមានដូចជា ឯកឧត្តម ទែន សារុំ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធានការរិយាល័យក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកមេឃុំទាំងប្រាំ លោកមេភូមិពាក់ព័ន្ធ និងបងប្អូនជនភៀសសឹក។
ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ មានដូចជា ÷ អង្ករមួយបេ ២០គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីអុីវ១យួ មី១កេះ ត្រីខ១យួ ។
ក្នុងឱកាសនោះលោកសំ លាងទ្រី ថ្លែងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ ពិតជាមានកិត្តិយសណាស់ដែលបានជាតំណាង ឯកឧត្តម គីម រីទ្ធ អភិបាលខេត្តព្រះវិហារ និងសហការីទាំងអស់ ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសខ្លួន ចំនួន ៩០គ្រួសារ ដែលបានចាកចេញពីស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្នក្នុងទីរួមស្រុកសង្គមថ្មី។
លោកសំ លាងទ្រី ឆ្លៀតឱកាសនេះសម្ដែងនូវកតញ្ញូតាធម៌ និងការគោរពដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានបង្ហាញនូវទឹកចិត្តជ្រះថ្លា និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្នុងគ្រាដែលពួកគាត់កំពុងជួបប្រទះការលំបាក។ កាយវិការដ៏ឧត្តុង្គឧត្តមនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមជាតិខ្មែរយើង៕


