ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិខ្មែរ ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ ០៥ សីហា ២០២៥

61

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនជនរួមជាតិខ្មែរ ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ ០៥ សីហា ២០២៥។

ជនរួមជាតិខ្មែរជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតខ្ញុំព្រះករុណា ខ្ញុំ បានទទួលដោយអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅ និងមនោសញ្ចេតនា រីករាយ និងកក់ក្តៅបំផុតនូវសារលិខិត និងពាក្យពេចន៍ជូនពរតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយ ព័ត៌មាន ប្រកបដោយក្តីស្រលាញ់រាប់អាន និងខ្លឹមសារប្រកបដោយពរជ័យ សិរីមង្គលមហាប្រសើរគ្រប់ប្រការ ពីព្រះសង្ឃគ្រប់ព្រះអង្គ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងលោកតា លោកយាយ ពុកម៉ែ បងប្អូន កូន ក្មួយ ចៅៗ ជនរួមជាតិទាំងអស់ទាំងក្នុងប្រទេស និងនៅបរទេសជូនចំពោះ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឱកាសខួប កំណើតខ្ញុំព្រះករុណា ខ្ញុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។

នាឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរព្រះគុណ អំណរគុណដោយស្មោះអស់ពីដួងចិត្ត ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងជូនលោកតា លោកយាយ ពុកម៉ែ បងប្អូន កូនក្មួយ និងចៅៗជនរួមជាតិទាំងអស់ ទាំងក្នុងប្រទេស និងនៅបរទេស ដែលបានចូលរួមចំណែកយ៉ាង សស្រាក់សស្រាំជាមួយរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននីតិប្បញ្ញត្តិ គ្រប់នីតិកាល ក្នុងការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈស្មារតីសាមគ្គីភាព និងឯកភាពជាតិជាធ្លុងមួយតាមគ្រប់រូបភាព នៅគ្រប់ទិសទី និងគ្រប់ពេលវេលា ជាពិសេសនៅក្នុងស្ថានការណ៍ថ្មីៗនេះ ដែលប្រទេសកម្ពុជាយើង ទទួលរងនូវការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។ ការណ៍នេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតថភាពនៃកម្ពុជា ទៅកាន់ឆាកតំបន់ អន្តរជាតិ និងសកលលោក។

ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យប្រគេន-ជូនព្រះសង្ឃគ្រប់ព្រះអង្គ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងលោកតា លោកយាយ ពុកម៉ែ បងប្អូន កូនក្មួយ និងចៅៗ ជនរួមជាតិទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស សូមបាន សមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង