បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅថ្ងៃទី១០ ខែសីហាចាប់ពីម៉ោង ១៥:០០នាទីព្រះសង្ឃជិត៣ពាន់អង្គ ជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈសង្ឃនាយកទាំងពីរគណៈ នឹងរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។
ដើម្បីឱ្យពិធីធម្មយាត្រាខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ ចាប់ពីវេលាម៉ោង ១៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌ៧មករា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ៕

