ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុចនិងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃដែលថាកម្ពុជាលួចដាក់មីនថ្មី

128

ភ្នំពេញឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ 

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ឯកឧត្ដម ជុំ សុន្ទរី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបដិសេធយ៉ាងដាច់អហិង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាដាក់មីនថ្មី»

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។  

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។  

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និងសហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង