យោធាចិនថាខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិកចេញពីតំបន់ថ្មប៉ប្រះទឹកដែលមានវិវាទជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង
ប៉េកាំង៖នៅថ្ងៃពុធ ទី១៣ ខែសីហា យោធាចិនបានប្រកាសឱ្យដឹងថា ខ្លួនបានឃ្លាំមើលនិងបណ្តេញនាវាចម្បាំងអាមេរិក ១គ្រឿង ដែលបានបើកចូលមកក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រតិបត្តិការខាងលើរបស់នាវាយោធាអាមេរិក កើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ហ្វីលីពីនបានចោទប្រកាន់ថា នាវាចិនបានធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ និងជ្រៀតជ្រែកខុសច្បាប់ អំឡុងបេសកកម្មផ្គត់ផ្គង់សម្ភាររបស់ហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough។
យោធាចិនបាននិយាយថា នាវាចម្បាំងអាមេរិក USS Higgins បានបើកចូលដែនទឹកនៅតំបន់ខាងលើ ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលចិន នាថ្ងៃពុធនេះ ខណៈវាជាទង្វើបំពានធ្ងន់ធ្ងរចំពោះអធិបតេយ្យនិងសន្តិសុខរបស់ចិន ហើយប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ដោយឡែក ខាងកងទ័ពជើងទឹកអាមេរិក បានឆ្លើយតបថា នាវា Higgins បានអនុវត្តសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន នៅក្បែរតំបន់ Scarborough Shoal ស្របតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ទីក្រុងម៉ានីល អំឡុងឧប្បត្តិហេតុក្នុងសប្តាហ៍នេះ នាវាចិន២គ្រឿង ក៏បានប៉ះទង្គិចគ្នាផងដែរ។ តំបន់ Scarborough Shoal គឺជាប្រភពចម្បងមួយនៃភាពតានតឹង នៅសមុទ្រចិនខាងត្បូង ជាច្រកផ្លូវទឹកដែលទំនិញគិតជាទឹកប្រាក់ សរុបច្រើនជាង៣ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមកប៉ាល់ ជារៀងរាល់ឆ្នាំ៕
