សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជានាំមកនូវផលប៉ះពាល់ទាំងសងខាងក៏ប៉ុន្តែសម្រាប់កម្ពុជាបង្ហាញភាពចាស់ទុំនិងសាមគ្គីភាពនិងភាពរឹងមាំជាពិសេសសម្រាប់អនាគតដ៏រឹងមាំរបស់កម្ពុជា
ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា បាននាំមកនូវផលប៉ះពាល់ទាំងភាគី ថៃ និង កម្ពុជា ក៏ប៉ុន្តែសម្រាប់កម្ពុជា បានបង្ហាញភាពចាស់ទុំនិងសាមគ្គីភាព និងភាពរឹងមាំ ទាំងមុនពេលនឹងអំឡុងពេល ជាពិសេសសម្រាប់អនាគតដ៏រឹងមាំរបស់កម្ពុជា។
ការលើកឡើងបែបនេះរបស់ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G H I)។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី អនុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. មកពីបណ្តាលរាជធានីខេត្តប្រមាណ ២០០០នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «សង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជាបាននាំមកនូវផលប៉ះពាល់ទាំងភាគីថៃនិងកម្ពុជា ក៏ប៉ុន្តែសម្រាប់កម្ពុជា បានបង្ហាញភាពចាស់ទុំនិងសាមគ្គីភាព និងភាពរឹងមាំ ទាំងមុនពេលនឹងអំឡុងពេល ជាពិសេសសម្រាប់អនាគតដ៏រឹងមាំ របស់កម្ពុជា គ្មានគ្រឿងយន្ត គ្មានគ្រឿងយុទ្ធភណ្ឌយោធាទំនើបៗណា ដែលមានអនុភាពខ្លាំងក្លា រឹងមាំជាងស្មារតីសាមគ្គី ស្មារតីស្នេហាជាតិ និងស្មារតីខ្មែរតែមួយនោះទេ។ សមាជិក សមាជិកា ស. ស. យ.ក.នៅទីនេះ គឺជាចំណែកនិងជាសាក្សីរស់ក្នុងការចូលរួម កសាងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា កិច្ចការដែលធ្វើរួមគ្នានៅពេលនេះ គឺលើកពីការអនុវត្តអនុស្សរណៈការយោគយល់គ្នារវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសារតែយើងរួមគ្នា ជាខ្មែរតែមួយ ជនជាតិខ្មែរតែមួយ ស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្ដល់ការងារឲ្យខ្មែរ ដើម្បីឱ្យយន្តការខ្មែរជួយរកការងារអាចខ្មែរ ដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យដើម្បី ជួយដល់បងប្អូនពលករ។
ជាថ្មីម្ដងទៀត ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានស្នើសុំទៅដល់បងប្អូនមួយចំនួនដូចខាងក្រោម៖
-ទីមួយ៖ សុំស្ដាប់បទបង្ហាញ ដែលធ្វើឡើងដោយ លោក ហេង សួរ ត្រូវយកចិត្តទុកដាក់កុំស្ទាក់ស្ទើរក្នុងការសួរសំណួរជាមួយក្រុមការងារបច្ចេកទេស និងអនុវត្តបានច្រើន ដើម្បីឱ្យបានយល់កាន់តែច្បាស់។
-ទីពីរ៖ នាពេលត្រឡប់ទៅមូលដ្ឋានវិញ សុំជួយបណ្ដុះបណ្ដាលដល់ជនបង្គោលចំនួន៤នាក់ផ្សេងទៀត ដោយយកចិត្តទុកដាក់និងសហការគ្នាផ្សព្វផ្សាយឱ្យបាន ទាន់ពេលវេលានិងទូលំទូលាយ។
-ទីបី៖ សូមចាំថា ក្នុងកាលៈទេសៈនេះ បើយើងបណ្ដោយឱ្យពលករខ្មែរឱ្យត្រឡប់ទៅប្រទេសថៃវិញ ប្រៀបដូចជាយើងបញ្ជូនពួកគាត់ឱ្យទទួលរងការមើលងាយ ប្រមាថ និងជិះជាន់នៅលើទឹកដីខ្មែរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចដល់ប្រទេសដទៃ។
-ទីបួន៖ សូមចាំផងដែរថា ជួយបំពេញកង្វះខាតកម្លាំងពលករ បង្វះពលកម្មកម្ពុជានៅពេលនេះ និងជួយទាក់ទាញការវិនិយោគ និងការរីកដុះដាលនៃស្ថាប័ន សហគ្រាសក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា នឹងជួយសេដ្ឋកិច្ចកម្ពុជាឲ្យកាន់មានកំណើនដ៏រឹងមាំបន្ថែមទៀត។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលដល់សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ដែលជាជនបង្គោល និងជាភ្នាក់ងារដ៏សំខាន់នៅក្នុងការស្វែងរកការងារជូនប្រជាពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ក្រោមស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ»៕


