ឯកឧត្ដម ហួត ហៃ ៖ពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ
ភ្នំពេញ៖ ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ពីការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ គឺមិនអនុញ្ញាតិឱ្យជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ទាំងនេះនៅរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី គឺក្នុងអំឡុងពេលនៃការបើកឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខនេះតែម្តង ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ។
ការបញ្ជាក់បែបនេះរបស់ ឯកឧត្ដម ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី២០សីហានេះ ខណៈ ឯកឧត្ដមអញ្ជើញជាតំណាង ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅផ្លូវថ្មើរជើងចតុមុខ»នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីបងប្អូនជាអាជីករដែលបាននិងកំពុងធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ។
ឯកឧត្ដមហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ផ្លូវថ្មើរជើងចតុមុខ ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិនិងបរទេស មកដើរលេងកំសាន្តច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ដើម្បីឱ្យផ្លូវថ្មើរជើងចតុមុខ កាន់តែល្អប្រសើរ ទទួលបានភាពពេញនិយមមួយកម្រិតថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមការយកចិត្តទុកដាក់លើការបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសំអាតអនាម័យបរិស្ថានមួយកម្រិតថែមទៀត ។ ជាងនេះទៅទៀតនៅពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយ ស្តីពីការអនុវត្តគម្រោង “ពង្រឹងវិធាន ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”នេះថែមទៀត។
ឯកឧត្ដមហួត ហៃ បានបញ្ជាក់ថា៖ ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”នេះធ្វើឡើងតែនៅរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទី។ ផុតពីថ្ងៃនិងម៉ោងនេះពួកគាត់អាចជក់បាន ហើយក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលជាថ្ងៃហាមនេះដែរ ពួកគាត់ក៏អាចជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់បានដែរ តែការជក់នោះ ត្រូវចេញឱ្យផុតពីផ្លូវថ្មើរជើងចតុមុខ” ដើម្បីកុំឱ្យរំខានគេដោយការបំពុលពីផ្សែងបារីនេះ។ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះហើយ។
ឯកឧត្ដមហួត ហៃ បានបន្ថែមទៀតថា៖ គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីឱ្យបងប្អូនជាអាជីករដែលបាននិងកំពុងធ្វើអាជីវកម្មនៅលើផ្លូវថ្មើរជើងចតុមុខ បានយល់ដឹងនិងចូលរួម ដើម្បីធ្វើឱ្យគម្រោងនៃការហាមមិនឱ្យជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅលើផ្លូវថ្មើរជើងចតុមុខនេះ ទទួលបានជោគជ័យ៕

