ការដេញថ្លៃគម្រោង ជាការប្រកួតប្រជែងដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន
ភ្នំពេញ៖លោក ជា ពិសី អភិបាលខណ្ឌទួលគោក
បានលើកឡើងថា៖ ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋ។ដូច្នេះទេ ស្នើឱ្យ អ្នកពាក់ព័ន្ធក្នុងការដេញថ្លៃគម្រោងទាំងអស់មិនត្រូវ ឃុបខិតគ្នាធ្វើឱ្យប៉ះពាល់គុណភាពនៃគម្រោងដាច់ខាត។
ការលើកឡើងរបស់លោក ជា ពិសីបានធ្វើឡើងនា ព្រឹកថ្ងៃទី២១ សីហាឆ្នាំ២០២៥នេះ ខណៈលោកអញ្ជើញជាតំណាងលោកឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ក្នុងកម្មវិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍ សង្កាត់ឆ្នាំ២០២៥ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។
លោក ជា ពិសី បានមានប្រសាសន៍ថា៖គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវគោរពតាមគោលការណ៍របស់លទ្ធកម្ម ដោយសុចរិតជាមួយនិងការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូន ដំណឹ ង ដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បី ចូលរួម សហ កា រ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោង សង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំ បានកំណត់។ បន្ថែមពីនេះទៀត គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ក៏ត្រូវតាមដាន ការរីកចំរើននៃគម្រោងជាប្រចាំនិងផ្តល់ការកែលម្អ នៅពេលចុះពិនិត្យ ការដ្ឋានជាក់ស្តែង។ ជៀសវាងឱ្យបាននូវការជីកផ្លូវដាក់លូ ទុកចោលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ជា ពិសី ក៏បានណែនាំអោយក្រុមហ៊ុន / អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន/អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ពិចារណាឱ្យបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។ ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូត ដល់ ពេលបិទការដ្ឋាន។រាល់ ការ សាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមាន តម្លៃ សម ស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង៕


