ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖មន្ត្រីគណបក្សគឺត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីបម្រើសេវាសាធារណះ ការពារសន្តិសុខ សុវត្ថិភាពក៏ដូចជាបម្រើសប់បែបយ៉ាងជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ

93

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំ ដល់សមាជិក-សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារកណ្តាលទី២ ក៏ដូចជាសមាជិក សមាជិកាផ្សេងទៀត ត្រូវខិតខំធ្វើកិច្ចការងារបម្រើប្រជាពលរដ្ឋបន្តទៀត ជាពិសេសត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កាន់តែបានឃើញអំពីសក្តានុពល និងមានជំនឿជឿជាក់ទៅលើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ថាពិតជាដឹកនាំកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន យ៉ាងពិតប្រាកដ នៅឆ្នាំ២០៥០ក្លាយជាប្រទេសអ្នកមានដូចអរិយប្រទេស។

ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញដែលធ្វើឡើងក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារកណ្តាលទី២ ដែលបានចូលរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ និងបានបង្ហាញពីសក្តានុពល របស់កម្លាំងនៃសមាជិក សមាជិកា ដែលបានគាំទ្រដល់គណបក្ស ។

បន្ថែមលើកនេះ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសលប់ ក្នុងការគាំទ្រពីប្រជាពលរដ្ឋ និងការផ្តល់ការទុកចិត្ត ដល់គណបក្ស ដើម្បីដឹកនាំតាំងពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ ដែលជាកិច្ចការងារមួយ ដែលសមាជិក សមាជិកាទាំងអស់គ្នា នៃគណបក្សប្រជាជនកម្ពុជា ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលមានទំនុកចិត្តមកលើគណបក្ស មន្ត្រីបក្សគឺត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីបម្រើសេវាសាធារណះ ការពារសន្តិសុខ សុវត្ថិភាពក៏ដូចជាបម្រើ សប់បែបយ៉ាង ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហេតុនេះហើយ យើងត្រូវជួបជុំគ្នា ដើម្បីពិភាក្សាពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ និងត្រូវខិតខំធ្វើកិច្ចការងារបន្តទៀត ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ ដើម្បីសម្រេចបានមហិច្ចតារបស់គណបក្ស ក្នុងការដឹកនាំប្រទេសជារៀងរហូត ។

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរៀបចំយុវជនបន្តវេន ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល ដោយបានបង្ហាញពីស្នាដៃស្វាហាប់ មុះមត់ និងឈ្លាសវៃបំផុត ក្នុងការដឹកនាំប្រទេសជាតិ នារយៈពេលកន្លងមកនេះ ដែលមានបញ្ហា និងឧបស័គ្រជាច្រើន ដែលសម្តេចបានជួបប្រទះ ទាំងពីតំបន់អភិវឌ្ឍត្រីកោន CLV ក៏ដូចជាការជួបប្រទះនូវបញ្ហាព្រំដែន ក្នុងពេលថ្មីៗនេះ ជាមួយកងទ័ពថៃឈ្លានពានសម្តេចបានបញ្ចេញនូវសក្តានុពល បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងឧត្តមភាពក្នុងកិច្ចការការពារបូរណភាពទឹកដី ។កម្ពុជាយើងកន្លងបានឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងសមរភូមិការទូត។កងទ័ពថៃបំពានក្រោយបទឈប់បាញ់ធ្វើការរាយបន្លាលួស ដាក់កង់ឡានជាការបង្ហាញឥទ្ធិពលនៃការឈ្លានពានតែកម្ពុជាបន្តភាពអត់ធ្មុតទុកឱ្យក្រុមអ្នកសង្កេតការណ៌និងអន្តរជាតិបានឃើញការពិតដែលថៃធ្វើមកលើកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់គ្នា ត្រូវខិតខំធ្វើកិច្ចការងារបម្រើប្រជាពលរដ្ឋបន្តទៀត ។

ជាងនេះទៅទៀត ឯកឧត្តម បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់របស់គណបក្ស គឺជាឃោសនិករបស់គណបក្ស ត្រូវធ្វើការផ្សព្វផ្សាយ ធ្វើកិច្ចការងារជូនគណបក្សដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីឧត្តមគតិ របស់គណបក្ស ដែលប្តេជ្ញាចិត្ត បម្រើប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា បានរំដោះឱ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបបប៉ុល ពត និងផ្តល់សិទ្ធិរស់រានមានជីវិតជូនប្រជាពលរដ្ឋ និងជាបន្តបន្ទាប់ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង