ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម កើត ឆែ៖អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រៀមកម្លាំងជួយសម្របសម្រួល នៅពេលមានភ្លៀងធ្លាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨ និង២៩ សីហា ២០២៥នេះ

129

ភ្នំពេញ៖ឯកឧត្ដម កើត ឆែ អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ ពិសេស គឺការត្រៀមកម្លាំងជួយសម្របសម្រួល នៅពេលមានភ្លៀងធ្លាក់ ក្នុងឱកាសនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះ ដោយយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាការណ៍ហើយថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះនិងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ។

   ឯកឧត្ដម កើត ឆែ បានធ្វើការណែនាំបែបនេះ នាព្រឹកថ្ងៃទី២៥ សីហា២០២៥នេះ ខណៈ ឯកឧត្ដម អញ្ជើញជាអធិបតី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥ខាងមុខនេះ។

  ក្រៅពីការណែនាំខាងលើហើយ ឯកឧត្ដម កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រលង ដើម្បីធានាបានថា ពួកគាត់អាចមកប្រលងបានទាន់ពេលវេលា ជាមួយនិងការលុបបំបាត់កន្លែងកូបពីនៅជិតមណ្ឌលប្រលងជាដើម។

   ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា៖ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៨ សីហា ២០២៥នេះ  មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញមាន មណ្ឌលប្រឡងសរុបចំនួន ៣៥មណ្ឌល ត្រូវជា ១,១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន ១២ (មានខណ្ឌឫស្សីកែវ, ជ្រោយចង្វារ, ដូនពេញ, ៧មករា, ទួលគោក, ចំការមន, បឹងកេងកង, ច្បារអំពៅ, សែនសុខ, ពោធិ៍សែនជ័យ, មានជ័យ និងដង្កោ) ដែលមានបេក្ខជនសរុបចំនួន ២៨,១៦៥នាក់ កើនលើសឆ្នាំមុនចំនួន ៣មណ្ឌល។

  ឯកឧត្ដម កើត ឆែ បន្តថា៖ ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥នេះ យើងនឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួម គ្រប់សមាសភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់។

    ឯកឧត្ដម កើត ឆែ បន្តថា៖ ដោយការយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ឯកឧត្ដម បានផ្តល់ការឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនិងការ ផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខជន ចំនួន៣៥មណ្ឌល ស្មើនឹង៣៥,០០០,០០០រៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ។ផ្តល់ជូនកងកម្លាំងការពារមណ្ឌលប្រឡងទាំង៣៥មណ្ឌល ស្មើ៣៥,០០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារមណ្ឌលកំណែ១១មណ្ឌល ស្មើ ១៣,២០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារកន្លែងរក្សាទុកប្រធានវិញ្ញាសា១មណ្ឌល ស្មើ ១,២០០,០០០រៀល។ ផ្តល់ជូនមន្ត្រីសុខាភិបាលប្រចាំតាមមណ្ឌល ៣៥មណ្ឌល ស្មើ៥,៦០០,០០០រៀល សរុបទឹកប្រាក់ចំនួនៈ ៩០,០០០,០០០រៀល។

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នេះដែរឯកឧត្ដមបានបន្ថែមថា៖ត្រូវធ្វើយ៉ាងណាឱ្យការប្រឡង​​ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយធានាបាននូវទិសស្លោក”អ្នកចេះគឺជាប់”៕

អត្ថបទដែលជាប់ទាក់ទង