ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារជំរុញមន្ត្រីឱ្យមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងបង្កើនការងារមនុស្សធម៌

98

ព្រះវិហារ៖នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោក សំ លាងទ្រី ប្រធានមន្ទីរ ដោយមានការចូលរួមពីមន្ត្រីរាជការយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកប្រធានបានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីសម្រេចបាននូវជោគជ័យក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការងារថែទាំផ្លូវថ្នល់ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក សំ លាងទ្រី ក៏បានលើកឡើងពីបញ្ហាព្រំដែន ដោយជំរុញឱ្យមន្ត្រីរាជការទាំងអស់មាន ជំនឿជឿជាក់ពេញលេញលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ជាមួយគ្នានេះ លោកកឰបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង