ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃរំលោភបទឈប់បាញ់និងរំលោភដែនអធិបតេយ្យកម្ពុជាក្រោយរាយបន្លាលួសព័ទ្ធផ្ទះនិងដីពលរដ្ឋនៅភូមិជោគជ័យ ឃុំអូបីជាន់ខេត្តបន្ទាយមានជ័យ

117

ភ្នំពេញ៖ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមយោធាថៃបានបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា និងរំលោភបទឈប់បាញ់ជាថ្មីម្ដងទៀត ក្រោយពួកគេធ្វើសកម្មភាពរាយលួសបន្លាព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឯកឧត្ដម ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោភថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២១៣ ខែសីហា ឆ្នាំ២០២៥»

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា, សកម្មភាពនេះ ជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៉ីវិល។

ជាងនេះទៅទៀត ការរំលោភនេះ ក៏អាចធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៉ី ក៏ដូចជាស្មារតីនៃកំណត់ហេតុរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនតំបន់រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី និងត្រាតរបស់ថៃ។ នេះជាអ្វីដែលឯកឧត្ដម ជុំ សុន្ទរី បានគូសបញ្ជាក់បន្ថែម។

ឯកឧត្ដម បានអះអាងថា ក្នុងកំណត់ហេតុ១៣ចំណុចដែលសម្រេចបានកាលពីពេលកន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចធ្វើឲ្យភាពតានតឹងមានការកើនឡើងវិញ រួមទាំងសកម្មភាពយោធាចូលទៅក្នុងដែនអាកាស ទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតក្នុងពេលដែលបទឈប់បាញ់ចូលជាធរមាន នៅវេលាម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាមិនពង្រីកវិសាលភាព និងទំហំនៃជម្លោះរួមទាំងសកម្មភាពបង្ករឿងដែលអាចធ្វើឲ្យភាពតានតឹងកើនឡើង។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមទៀតថា កម្ពុជាស្នើភាគីថៃ គោរពឲ្យបានពេញលេញ និងដោយគ្មានលក្ខខណ្ឌនូវកិច្ចព្រមព្រៀងទាំងអស់ ក៏ដូចជាគោរព និងអនុវត្តនូវមាត្រា៥ របស់ MoU ឆ្នាំ២០០០ ដែលបានហាមឃាត់នូវការងារណាដែលនាំឲ្យមានការផ្លាស់ប្ដូរបរិស្ថានក្នុងតំបន់ព្រំដែន លើកលែងតែកិច្ចបោះបង្គោលព្រំដែន ដែលត្រូវបានផ្ដល់អាណត្តិដោយគណៈកម្មាធិការខណ្ឌសីមាបោះបង្គោលព្រំដែនគោកចម្រុះ របស់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង