មុនប្រឡងបាក់ឌុបមួយថ្ងៃ! រដ្ឋមន្ដ្រីក្រសួងអប់រំអំពាវនាវដល់បេក្ខជនគោរពបទប្បញ្ញត្ដិនៃការប្រឡងឲ្យបានល្អប្រសើរនិងជូនពរបានលទ្ធផលល្អគ្រប់ៗគ្នា
ភ្នំពេញ៖ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារជូនពរ និងផ្ដាំផ្ញើ ជូនដល់បេក្ខជន ដែលនឹងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥។
ឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ដែលជាបេក្ខជនទាំងអស់ គោរពបទប្បញ្ញត្ដិ នៃការប្រឡង ឲ្យបានល្អប្រសើរជាពិសេសមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណើរឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង នៃបន្ទប់ប្រឡងជាដាច់ខាត»។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន ក៏សូមឲ្យក្មួយៗ ជាបេក្ខជនទាំងអស់ខិតខំ ថែរក្សាអនាម័យ នៃសុខភាពឲ្យបានល្អ ដោយត្រូវទទួលទានដំណេក បរិភោគអាហារ និងទទួលទឹកស្អាតឲ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន សូមជូនពរដល់បេក្ខជនប្រឡងទាំងអស់ សូមទទួលបានលទ្ធផលល្អ នៅក្នុងការប្រឡងគ្រប់ៗគ្នា។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទ សំខាន់ៗដូចខាងក្រោម៖
-ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥
-ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥
-ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
-ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
-ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕
