ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសវ៉េណេស៊ុយអេឡាដាក់ពង្រាយនាវាចម្បាំងនិងដ្រូនដើម្បីល្បាតឆ្នេរសមុទ្ររបស់ខ្លួនក្រោយអាមេរិកបញ្ជូនក្រុមនាវាយោធាមកក្បែរ

107

ការ៉ាកាស៖កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយថា ខ្លួនកំពុងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះដ្រូន ដើម្បីល្បាតបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូន នាវាពិឃាដ៣គ្រឿងមកក្នុងតំបន់ ដើម្បីដាក់សម្ពាធប្រឆាំងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ដំណឹងខាងលើត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino ហើយវាកើតមានចំពេល ភាពតានតឹង កំពុងកើនឡើងជាមួយទីក្រុងវ៉ាស៉ីនតោន ដែលបានបញ្ជូននាវាចម្បាំង៣គ្រឿងមកក្បែរវ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់នូវអ្វីដែលអាមេរិកអះអាងថា ការជួញដូរគ្រឿងញៀន។ 

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក ទីក្រុងវ៉ាស៉ីនតោន ក៏គ្រោងបញ្ជូនកងទាហានម៉ារីន៤០០០នាក់ ហើយ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ត្រៀមចល័តនាវា ២គ្រឿងបន្ថែមទៀត មកកាន់តំបន់សមុទ្រការីបង់ផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចោទថាលោក Maduro ជាមេខ្លោងបណ្តាញជួញដូរគ្រឿងញៀនកូកាអ៉ីន ដែលត្រូវអាមេរិកចាត់បញ្ចូល ជាអង្គការភេរវកម្ម។ កាលពីពេលថ្មីៗនេះ ទីក្រុងវ៉ាស៉ីនតោន ក៏បានដំឡើងប្រាក់រង្វាន់គុណនឹងពីរដល់៥០លានដុល្លារ សម្រាប់ព័ត៌មាន ដែលអាចនាំទៅរកការចាប់ខ្លួនលោក Maduro ក្រោមបទចោទប្រកាន់គ្រឿងញៀន ថែមទៀតផងដែរ។ ដោយឡែក លោក Maduro វិញ បានចោទសហរដ្ឋអាមេរិកថា កំពុងប៉ុនប៉ងផ្លាស់ប្តូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា ដោយប្រើកម្លាំង៕

អត្ថបទដែលជាប់ទាក់ទង