ឯកឧត្ដមឃួង ស្រេង ៖សូមសមាជិក សមាជិកា បក្ស,ប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោនិងសម្តេចធិបតីរឿងដោះស្រាយការប៉ះទង្គិចគ្នារវាងទាហានថៃនិងកងទ័ពកម្ពុជា
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានសូមឱ្យសមាជិក សមាជិកា ប្រជាពលរដ្ឋទាំងអស់គ្នាជឿទុកចិត្តលើការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិសេសពាក់ព័ន្ធនិងការប៉ះទង្គិចគ្នារវាងទាហានថៃនិងកងទ័ពកម្ពុជា ,កម្ពុជាយើងទន់ភ្លន់ តែមិនទន់ជ្រាយទេ។ មកដល់ពេលនេះកម្ពុជាយើងបានឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងសមរភូមិការទូត។
ការលើកឡើងរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ កម្ពុជាយើងទទួលបានជោគជ័យលើឆាកអន្តរជាតិរួចហើយ ជុំវិញការចោទប្រកាន់ពីសៀមថា កម្ពុជាយើងដាក់មីនថ្មីនៅតាមព្រំដែនមានជម្លោះ។ យើងបានសម្រេចប្ដូរពីការឈ្លោះគ្នា ដោយប្រដាប់អាវុធ មកឈ្នោះគ្នាតាមផ្លូវច្បាប់វិញវាមិនបង្ហូរឈាម។ កម្ពុជាមិនត្រូវការសង្គ្រាមទេ គឺត្រូវការសន្តិភាព។នេះជាការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចទាំង២។ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេច តេជោហ៊ុន សែន បានបង្ហាញពីស្នាដៃស្វាហាប់ មុះមត់ និងឈ្លាសវៃបំផុត ក្នុងការដឹកនាំប្រទេសជាតិ។ មានឧបស័គ្រជាច្រើន ដែលសម្តេចធិបតីបានជួបប្រទះ ទាំងពីតំបន់អភិវឌ្ឍត្រីកោណCLV ក៏ដូចជាការជួបប្រទះនូវបញ្ហាព្រំដែន ហើយនៅក្នុងពេលថ្មីៗនេះ ជាមួយកងទ័ពថៃឈ្លានពាន សម្តេចបានបញ្ចេញនូវសក្តានុពល បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងឧត្តមភាពក្នុងកិច្ចការការពារបូរណភាពទឹកដី ដោយបានឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងសមរភូមិការទូត។
ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ចតុមុខ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក ពោលគឺឈ្នះទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតតំណាងរាស្រ្ត ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សារាជធានី គណបក្សប្រជាជនកម្ពុជា តែងទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។
ឯកឧត្ដមឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា៖ ជាធម្មតាទេ នៅលើពិភពលោក កាលណាគេបង្កើតបក្ស គឺដើម្បីប្រកួតប្រជែងយកឈ្នះហើយ។នៅកម្ពុជាមិនអាចអត់គណបក្សប្រជាជនកម្ពុជាបានទេ ដោយគណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការដឹកនាំប្រទេសជាតិ យើងមិនអាចទុកចិត្តគណបក្សផ្សេងបានឡើយ។
ក្នុងឱកាសនោះដែរ លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ចតុមុខ បានលើកឡើងពីវឌ្ឍនភាពកាេងារនៅក្នុងសង្កាត់ចតុមុខ ដែលមានចំនួនភូមិ៨។ គណៈបញ្ជាការឯកភាពចតុមុខ តែងបានចុះពិនិត្យ ល្បាតជាប្រចាំ ដើម្បី ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវបរទេស ជាមួយនិងការផ្តល់សេវា ក៏ដូចជាផ្តល់ប័ណ្ណសមធម៏ ជូនប្រជាពលរដ្ឋ។ សកម្មជនគណបក្សប្រជាជនកម្ពុជាទាំង៨ភូមិ តែងបានចុះក្តាប់សភាពការណ៍ពីគណបក្សផ្សេងៗ និងបានវាយបក តបតទៅបក្សប្រឆាំងភ្លាមៗ។បានពង្រឹងសមាជិកបក្ស ដោយរក្សាចាស់ បង្កើតថ្មី។ពង្រឹងសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ ចុះសួរសុខទក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត។ សង្កាត់ចតុមុខមិនមានសកម្មភាពគណបក្សប្រឆាំងទេ។បានបណ្តុះបណ្តាលយុវជនបន្តវេន ដើម្បីរួមចំណែកក្នុងដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍ រីកចំរើនបន្ថែមទៀត ៕

