ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងបាក់ឌុបសរុប១៧៧២នាក់នៅខេត្តឧត្តរមានជ័យត្រូវបានផ្ទេរមកប្រឡងនៅស្រុកពួកខេត្តសៀមរាប, ដោយសារមានសង្គ្រាមឈ្លានពានពីប្រទេសថៃ

66

ឧត្តរមានជ័យ៖ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាល និងកក់ក្តៅជាមួយបេក្ខជនបេក្ខនារី ដែលបានចាកចេញពីខេត្តមកត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅក្នុងស្រុកពួក ខេត្តសៀមរាប។

ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងពន្យល់ពីមូលហេតុដែលបេក្ខជនបេក្ខនារីមកពីខេត្តឧត្តរមានជ័យ ត្រូវធ្វើដំណើរមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប គឺដោយសារតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យ មានការរៀបចំការប្រឡងប្រកបដោយសុវត្ថិភាពនៅខេត្តឧត្តរមានជ័យបាន ទើបរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់យុវជនទាំងអស់ ហើយបានសម្រេចចិត្តផ្ទេរទីតាំងប្រឡង ដើម្បីធានាថាការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន និងសុវត្ថិភាពផងដែរ។

ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្ដាំផ្ញើបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ កុំភ័យ កុំតក់ស្លុត អ្នកចេះគឺជាប់ ត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចម្លងគ្នា ត្រូវយកចិត្តទុកដាក់ខិតខំ សរសេរឲ្យបានល្អត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសារ និងត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ជាពិសេសគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ។

ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនៅតាមមណ្ឌលប្រឡង ឯកឧត្ដម មាន ចាន់យ៉ាដា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកពួក ដើម្បីចូលសួរសុខទុក្ខដល់បេក្ខជនចំនួន០៨នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ និងបានផ្ដល់ ថវិកាក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល និងទឹកក្រូច១កេស ដើម្បីលើកទឹកចិត្តដល់បេក្ខជន ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃស្អែកនេះ។

អភិបាលខេត្ដឧត្តរមានជ័យ បានបន្តដំណើរចុះត្រួតពិនិត្យផ្ទាល់ដល់កន្លែងស្នាក់នៅរបស់បេក្ខជន បេក្ខនារី ដើម្បីពិនិត្យមើលពីស្ថានភាពរស់នៅជាក់ស្តែង ដូចជា បន្ទប់ទឹក បន្ទប់គេង និងអនាម័យជុំវិញកន្លែងស្នាក់នៅ ដើម្បីធានាថា បេក្ខជនទាំងអស់មានបរិស្ថានល្អក្នុងការសម្រាក និងសិក្សា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២៨២៩ ខែសីហា ឆ្នាំ២០២៥ ចំពោះបេក្ខជនមកពីខេត្តឧត្តរមានជ័យ ដែលមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប មានចំនួនសរុប១៧៧២នាក់ ស្រី១០១៤នាក់ ចំពោះមណ្ឌលប្រឡងមាន០៣ មណ្ឌល រួមមាន៖ទី១៖ មណ្ឌលសាលាបឋមសិក្សាទៀបាញ់គំរូរ មាន១៣បន្ទប់ បេក្ខជនមានចំនួន៣០៨នាក់ ស្រីចំនួន១៨៥។
ទី២៖ មណ្ឌល វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងលិច) មាន២៧បន្ទប់ បេក្ខជនមានចំនួន៦៦៤នាក់ ស្រីចំនួន៣៥០នាក់
ទី៣៖ មណ្ឌលវិទ្យាល័យ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេពួក (ខាងកើត) មាន៣២បន្ទប់ បេក្ខជនមានចំនួន ៨០០នាក់ ស្រី៤៧៩នាក់។ ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាត រដ្ឋបាលខេត្តឧត្ដរមានជ័យ និងផ្ដល់កន្លែងស្នាក់នៅ ការដឹកជញ្ជូននិងផ្ដល់អាហារបីពេលជូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង