ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនប្រាប់ទូតទីម័រថាសម្តេចជាអ្នកសន្តិភាពនិយមមិនត្រឹមផ្ទៃក្នុងទេតែជាមួយប្រទេសជិតខាងផងដែរ

142

ភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គ រដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើតប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែង ការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរ សាទរ ចំពោះលោក Marcos dos Reis da Costa ដែលត្រូវបានតែងតាំង ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា ហើយ វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ 

សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសលោក José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និងលោកស្រី Maria Fernanda Lay ដែលបានទទួលស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាង កក់ ក្តៅជាទីបំផុតជូនសម្តេច ក្នុងអំឡុងពេលទស្សនកិច្ចកាលពីខែឧសភា កន្លង ទៅនេះ។

នាឱកាសជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះ សម្តេច តេជោ ដែលបានផ្តល់កិត្តិយសដល់លោកចូលជួបសម្តែងការ គួរសម នា ពេល នេះ។ លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល របស់ប្រទេសទីម័រខាងកើត ជូនសម្តេចតេជោផងដែរ។ 

លោកឯកអគ្គរដ្ឋទូត ក៏ បានពាំនាំនូវសារជាពិសេសរបស់លោក Kay Rala Xanana Gusmão ដែលបានគូសរំលេចថា លោកនាយករដ្ឋមន្រ្តី ចងចាំមិនភ្លេច នូវ អនុ សាសន៍របស់សម្តេចក្នុងការធ្វើការងារជាមួយអង្គការសហប្រជាជាតិ។ ក្នុងនាម រដ្ឋា ភិបាល និងប្រជាជនទីម័រឡេស្តេ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវ ការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រ ជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូល ជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។

លោកឯកអគ្គរដ្ឋទូត បានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រខាងកើត ហើយលោកមានកិត្តិយស ដែលបានមកបំពេញ បេសក កម្ម នៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ ប្រទេសទាំងពីរ។ 

លោកឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវសំណើរបស់លោកស្រី Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាព អន្តរសភា រវាង កម្ពុជា និងទីម័រខាងកើតតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលោកឯកអគ្គរដ្ឋទូត ចំពោះសារផ្តាំផ្ញើ សួរ សុខទុក្ខ និងបានគូសបញ្ជាក់ថា សម្តេច មានសេចក្តីរីករាយក្នុងការចែករំលែក បទ ពិសោធរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ជាពិសេសការធ្វើការងារជាមួយ UNTAC។ 

សម្តេចតេជោ បានបន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិសោធរបស់កម្ពុជា ដើម្បី ចូល ជាសមាជិកអាស៊ាន ហើយរហូតមកទល់នឹងពេលនេះ ទីម័រខាងកើត បានប្រើ ពេល ១៤ឆ្នាំ ក្នុងការរង់ចាំក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ សម្តេចតេជោ បាន បន្តថា នៅពេលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានប្រាក់ ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នប្រជាពល រដ្ឋទីម័រខាង កើត ម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ហេតុនេះ ការចូលជាសមាជិក អាស៊ានរបស់ទីម័រខាងកើត មិនមែនជាបន្ទុកលើអាស៊ាននោះទេ។ 

សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេច ចាកចេញពីតំណែងជានាយក រដ្ឋ មន្រ្តី សម្តេចមានមោទនភាពដែលកម្ពុជា បន្តខិតខំប្រឹងប្រែងចលនា ដៃគូពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រខាងកើត ចូលសមាជិកពេញសិទ្ធិអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និង ទីម័រ ខាងកើត ត្រូវខិត ខំ បន្តជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងការវិនិយោគទៅវិញទៅមក តាមរយៈឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ទីម័រ ខាងកើត សំដៅធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅបន្ថែមទៀត។ 

សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា ទីម័រខាងកើត នឹងទទួលបានកិច្ចសហប្រតិ បត្តិ ការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរ ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាព ពេញ លេញជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់ គឺប្រែក្លាយ តំបន់ អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេស ជិត ខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយវៀតណាម និងឡាវជាដើម៕

អត្ថបទដែលជាប់ទាក់ទង