ឯកឧត្ដម ឃួង ស្រេង៖អាជ្ញាធរខណ្ឌដូនពេញត្រូវពិនិត្យមើលលើបញ្ហាសណ្តាប់ធ្នាប់ឱ្យបានម៉ត់ចត់ចំពោះ បា បារាំង ធ្វើយ៉ាងណាកុំឱ្យហៀមកលើផ្លូវថ្មើរជើងចតុមុខ,ផ្លូវនេះទាក់ទាញភ្ញៀវទេសចរណ៌ជាតិនិងបរទេសមកកំសាន្តយ៉ាងច្រើនកុះករ
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ វិស័យទេសចរណ៍ជាឧស្សាហ៍កម្មគ្មានផ្សែង ហើយរដ្ឋទទួលបានថវិកាជាច្រើនពីវិស័យនេះ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាបង្កើតឱ្យមានតំបន់ទេសចរណ៍ឱ្យបានច្រើន ខណៈដែល ផ្លូវថ្មើរជើងចតុមុខ ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវទេសចរណ៌ជាតិនិងបរទេស មកដើរលេងកំសាន្តច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនៈខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ការពេញនិយមខ្លាំងពីណាក់ ភ្ញៀវទេសចរណ៌ជាតិនិងបរទេស មកដើរលេងកំសាន្តច្រើនកុះករនៅផ្លូវថ្មើរជើងចតុមុខគឺដោយសារផ្លូវថ្មើរជើងចតុមុខ មិនមានយានយន្តឆ្លងកាត់ ជាកន្លែងដើរលេងកំសាន្តផង ជាកន្លែងសំរាប់ដើរហាត់ប្រាណ ដែលមានប្រវែងជាង២គីឡូម៉ែត្រផង ហើយក៏ជាកន្លែង ដែលបណ្តុំទៅដោយការសម្ដែងសិល្បៈប្រពៃណីខ្មែរ សៀករហ័សកម្ម បណ្ណាល័យចល័ត ជាមួយនិងការលក់គ្រឿងហូបចុកច្រើនសំបូរបែបផងដែរ។
ពាក់ព័ន្ធនឹងផ្លូវថ្មើជើងនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដូនពេញ សូមពិនិត្យមើលលើបញ្ហាសណ្តាប់ធ្នាប់ឱ្យបានម៉ត់ចត់ ចំពោះ បា បារាំង ធ្វើយ៉ាងណាកុំឱ្យហៀ មកលើផ្លូវថ្មើរជើងចតុមុខ។ ការសម្តែងសិល្បៈ ដាច់ខាតមិនឱ្យស្លៀកពាក់លេចលើ លេចក្រោម ធ្វើឱ្យខូចប្រពៃណីខ្មែរឡើយ។ ជាងនេះទៅទៀតអាជ្ញាធរក៏ត្រូវពិនិត្យឱ្យបានម៉ត់ចត់ផងដែរ ចំពោះទីតាំងផ្ញើកង់ ម៉ូតូ កុំឱ្យយកតម្លៃផ្ញើថ្លៃហួសហេតុពេក ហើយក៏មិនត្រូវចតបិទផ្លូវនាំឱ្យស្ទះ ដោយទុកផ្លូវកាត់ទទឹងទាំងអស់ឱ្យរថយន្តចូលទៅសង្គ្រោះពលរដ្ឋនៅពេលមានហានិភ័យអ្វីមួយកើតឡើង នៅលើផ្លូវថ្មើរជើងចតុមុខនេះ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនៈ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។
ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនៈ បានមានប្រសាសន៍ លើកឡើងពីវឌ្ឍនភាពកាេងារនៅក្នុងសង្កាត់ ដែលមានចំនួន១១ភូមិ។ គណៈបញ្ជាការឯកភាពសង្កាត់ជ័យជំនៈ បានរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ចុះពិនិត្យ ល្បាត ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ប្រធានភូមិទាំង១១បានចុះតាមមូលដ្ឋាន ដើម្បីពិនិត្យទប់ស្កាត់ល្បែងតាមអនឡាញ។ គណបក្សមានសាមគ្គីភាពផ្ទៃក្នុងល្អនិងគ្មានចំណុចខ្សោយ តែមានចំណុចប្រឈមខ្លះ ដែលបាននិងកំពុងដោះស្រាយ។
ប្រជាពលរដ្ឋបានគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងកិច្ចការការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន ដោយការប្តឹងទៅតុលាការអន្តរជាតិ ICJ៕

