គណៈប្រតិភូសភាអាមេរិកថា៖អាមេរិកនឹងបន្តយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ
ភ្នំពេញ៖គណៈប្រតិភូ សភាអាមេរិក បាន បញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រ បទឈប់ បាញ់ និង វិលទៅរកសន្តិភាព និង ស្ថិរភាពឡេីងវិញ ហេីយសហរដ្ឋ អាមេរិក នឹង បន្ត យកចិត្តទុកដាក់តាមដានលេីការងារនេះ។
នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំ ដោយ លោកស្រី Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង លោក វេជ្ជបណ្ឌិត Richard McCormick សមាជិក សភាប្រចាំរដ្ឋ Georgia និងលោក Suhas Subraanyam សមាជិក សភា ប្រចាំរដ្ឋ Virginia ចូលជួបសម្តែងការ គួរ សម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកស្រី Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្ស រីក រាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ព្រមទាំងបានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ច ប្រកបដោយភាព ធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេច បានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។
លោកស្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកស្រី បាន សម្ដែង ការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស លើ វិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកស្រី ក៏បានគូសបញ្ជាក់ ពី ការ ប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ ទំនង ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះលោកស្រី និងគណៈប្រតិ ភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរ ទស្សន កិច្ចរបស់លោកស្រីនឹងកាន់តែជួយជំរុញបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេច បាន នាពេល កន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ជូនលោកស្រីថា កម្ពុជាថ្លែងអំណរគុណ ចំពោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្រប សម្រួល ឱ្យ មានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា បទឈប់បាញ់នេះ បានជួយ សង្គ្រោះ អាយុជីវិតជាច្រើននាក់។ ហេតុនេះហេីយ បាន កម្ពុជា ស្នេី លោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald J. Trump សម្រាប់ ពានរង្វាន់ ណូបែលសន្តិភាព ដែល ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងដើម្បី ជា ការ ថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump ដែលលោក បានយក ចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយ បានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩ភាគរយ នៅ ថ្ងៃ ទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើ សម្រួល នីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរ របស់វិស័យ ឯក ជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់ វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចមហាបវរធិបតី និងលោកស្រី Beth Van Duyne ក៏បានពិភាក្សាអំពីការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខនិងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើ មាតុ ភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម។ ក្នុងឱកាសនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាព ព្រំដែន កម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរក ការស្តារ ឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គណៈប្រតិភូ សភាអាមេរិក ក៏បាន បញ្ជាក់ពីជំហរបស់ សហរដ្ឋអាមេរិកក្នុង ការគាំទ្រ បទឈប់បាញ់ និង វិលទៅរកសន្តិភាព និង ស្ថិរភាពឡេីងវិញ ហេីយសហរដ្ឋ អាមេរិក នឹង បន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ៕

