អ៉ីរ៉ង់ចាប់ខ្លួនមនុស្ស៨នាក់សង្ស័យពាក់ព័ន្ធនឹងចារកម្មអ៉ីស្រាអែល Mossad
តេហេរ៉ង់៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍បានចាប់ខ្លួនមនុស្ស ៨នាក់ដែលសង្ស័យថាបានបញ្ជូនព័ត៌មានពីទីតាំងសំខាន់ និងព័ត៌មានលម្អិតអំពីឥស្សរជនយោធាជាន់ខ្ពស់អ៉ីរ៉ង់ ទៅឱ្យទីភ្នាក់ងារចារកម្ម Mossad របស់អ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ ទី៣០ ខែសីហា ឆ្នាំ ២០២៥។
មនុស្សទាំង ៨នាក់ត្រូវបានចោទប្រកាន់ ថាបានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារចារកម្ម Mossad អំឡុងពេល ១២ថ្ងៃនៃសង្រ្គាមតាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ កាលពីខែមិថុនា ដែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូលៗ។ តាមសេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តន៍ ជនសង្ស័យបានទទួលការបណ្តុះបណ្តាលជំនាញពីចារកម្ម Mossad តាមអនឡាញ។ ពួកគេត្រូវបានចាប់ខ្លួននៅភាគឦសានអ៉ីរ៉ង់ ហើយសម្ភារៈសម្រាប់ផលិតគ្រាប់ផ្លោង គ្រាប់បែក គ្រឿងផ្ទុះ និងអន្ទាក់ត្រូវបានរឹបអូស។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ប៉ូលិសអ៉ីរ៉ង់បានចាប់ខ្លួនជនសង្ស័យជាច្រើន អាចដល់ ចំនួន ២១ ០០០នាក់ ទោះជាមិនបានបញ្ជាក់ថាអ្នកទាំងនោះត្រូវបានសង្ស័យថាបានធ្វើក៏ដោយ៕
