ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនិងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិវៀតណាមពីថ្ងៃទី១-២ខែកញ្ញា

64

ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា។

ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមាន ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី។ ជាមួយនេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។

នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»

អត្ថបទដែលជាប់ទាក់ទង